១ កូរិនថូស 12:25-31 KCB

25 ដើម្បី​កុំ​ឲ្យ​មាន​ការ​បែកបាក់​នៅ​ក្នុង​រូបកាយ​ ផ្ទុយ​ទៅ​វិញ​ ឲ្យ​អវយវៈ​ទាំងឡាយ​ ខ្វល់ខ្វាយ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។​

26 បើ​អវយវៈ​ណា​មួយ​ឈឺចាប់​ នោះ​អវយវៈ​ទាំង​អស់​ក៏​ឈឺចាប់​ដែរ​ ឬ​បើ​អវយវៈ​ណា​មួយ​ទទួល​បាន​ការ​សរសើរ​ នោះ​អវយវៈ​ទាំង​អស់​ក៏​អរ​សប្បាយ​ដែរ‍។​

27 អ្នក​រាល់គ្នា​ជា​រូបកាយ​របស់​ព្រះគ្រិស្ដ​ ហើយ​ជា​អវយវៈ​តាម​ផ្នែក​រៀង​ៗ​ខ្លួន។​

28 នៅ​ក្នុង​ក្រុមជំនុំ​ ព្រះជាម្ចាស់​បាន​តាំង​ឲ្យ​មាន​ពួក​សាវក​ជាមុន​ ទីពីរ​ឲ្យ​មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ទីបី​ឲ្យ​មាន​ពួក​គ្រូ​ បន្ទាប់​មក​ឲ្យ​មាន​អ្នក​ធ្វើ​ការ​អស្ចារ្យ​ បន្ទាប់​មក​ទៀត​ អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ អ្នក​ជំនួយការ​ អ្នកបម្រើ​ការ​ និង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ។​

29 តើ​គ្រប់​គ្នា​ជា​សាវក​ឬ?​ តើ​គ្រប់​គ្នា​ជា​អ្នក​នាំ​ព្រះបន្ទូល​ឬ?​ តើ​គ្រប់​គ្នា​ជា​គ្រូ​ឬ?​ តើ​គ្រប់​គ្នា​ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ​ឬ?​

30 តើ​គ្រប់​គ្នា​មាន​អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ឬ?​ តើ​គ្រប់​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​ តើ​គ្រប់​គ្នា​បកប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​

31 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​សង្វាត​ឲ្យ​បាន​អំណោយទាន​ដែល​ប្រសើរ​ជាងគេ​ចុះ​ ហើយខ្ញុំនឹង​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ​បំផុត​មួយ​ដល់​អ្នក​រាល់គ្នាទៀត។​