1 ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅតាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងលោកសូស្ថេនជាបងប្អូន។
2 ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជូនចំពោះពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធក្នុងព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធជាមួយមនុស្សទាំងអស់នៅគ្រប់ទីកន្លែងដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់ពួកគេ និងរបស់យើង។
3 សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។
4 ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ
5 គឺថា ដោយសារព្រះអង្គ អ្នករាល់គ្នាបានចម្រុងចម្រើនក្នុងគ្រប់ការទាំងអស់ គឺទាំងពាក្យសំដី និងចំណេះដឹងគ្រប់យ៉ាង
6 ដ្បិតសេចក្ដីបន្ទាល់អំពីព្រះគ្រិស្ដបានបញ្ជាក់នៅក្នុងអ្នករាល់គ្នា
7 ដូច្នេះហើយអ្នករាល់គ្នាមិនខ្វះខាតអំណោយទានណាមួយឡើយ ពេលដែលកំពុងទន្ទឹងរង់ចាំការលេចមករបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
8 ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
9 ព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាឲ្យមានសេចក្ដីប្រកបជាមួយនឹងព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
10 ឥឡូវនេះ បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា សូមអ្នករាល់គ្នានិយាយសេចក្ដីតែមួយទាំងអស់គ្នា ហើយកុំមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ប៉ុន្ដែអ្នករាល់គ្នាត្រូវសាមគ្គីគ្នាដោយមានចិត្ដតែមួយ និងគំនិតតែមួយ។
11 ពីព្រោះបងប្អូនអើយ! មានពួកអ្នកផ្ទះនាងក្លូអេបានប្រាប់ឲ្យខ្ញុំដឹងអំពីអ្នករាល់គ្នាថា មានការឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នករាល់គ្នា
12 ខ្ញុំនិយាយដូច្នេះ ព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នានិយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស ខ្ញុំជាសិស្សរបស់លោកកេផាស ឬខ្ញុំជាសិស្សរបស់ព្រះគ្រិស្ដ។
13 តើព្រះគ្រិស្ដត្រូវបំបែកជាច្រើនចំណែកឬ? តើប៉ូលបានជាប់ឆ្កាងជំនួសអ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះប៉ូល?
14 ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាទេ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ
15 ដូច្នេះគ្មានអ្នកណាម្នាក់អាចនិយាយបានថា អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះខ្ញុំឡើយ។
16 មែនហើយ ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យក្រុមគ្រួសារលោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនដឹងថា ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាផ្សេងទៀតទេ។
17 ដ្បិតព្រះគ្រិស្ដមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ ហើយមិនមែនដោយពាក្យសំដីដែលប្រកបដោយប្រាជ្ញាទេ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រិស្ដគ្មានប្រយោជន៍។
18 ដ្បិតដំណឹងល្អអំពីឈើឆ្កាងជាសេចក្ដីចម្កួតសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្ដែជាអំណាចរបស់ព្រះជាម្ចាស់សម្រាប់យើង ដែលកំពុងទទួលការសង្គ្រោះ
19 ព្រោះមានសេចក្ដីចែងទុកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញ ហើយបដិសេធចំណេះរបស់មនុស្សឆ្លាតវៃ»
20 តើអ្នកប្រាជ្ញនៅឯណា? តើគ្រូវិន័យនៅឯណា? តើអ្នកដេញដោលសម័យនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញារបស់លោកិយនេះត្រលប់ជាល្ងង់ខ្លៅទេឬ?
21 ដ្បិតដោយសារប្រាជ្ញារបស់ព្រះជាម្ចាស់ហើយ បានជាមនុស្សលោកមិនបានស្គាល់ព្រះជាម្ចាស់ដោយសារប្រាជ្ញារបស់ខ្លួនទេ គឺព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះពួកអ្នកដែលជឿតាមរយៈសេចក្ដីប្រកាសដ៏លេលានេះ
22 ពីព្រោះជនជាតិយូដាសុំទីសំគាល់ ហើយជនជាតិក្រេកស្វែងរកប្រាជ្ញា
23 រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដដែលត្រូវគេឆ្កាង ជាសេចក្ដីដែលនាំឲ្យជំពប់ដួលចំពោះជនជាតិយូដា និងជាសេចក្ដីល្ងង់ខ្លៅចំពោះសាសន៍ដទៃ
24 ប៉ុន្ដែព្រះគ្រិស្ដជាអំណាចរបស់ព្រះជាម្ចាស់ និងជាប្រាជ្ញារបស់ព្រះជាម្ចាស់សម្រាប់ពួកអ្នកដែលព្រះអង្គត្រាស់ហៅ ទាំងជនជាតិយូដា និងជនជាតិក្រេក
25 ពីព្រោះសេចក្ដីល្ងង់ខ្លៅរបស់ព្រះជាម្ចាស់មានប្រាជ្ញាលើសប្រាជ្ញារបស់មនុស្ស ហើយសេចក្ដីកំសោយរបស់ព្រះជាម្ចាស់ ក៏មានកម្លាំងលើសកម្លាំងរបស់មនុស្សដែរ។
26 បងប្អូនអើយ! សូមគិតអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាចុះ គឺមិនសូវមានអ្នកប្រាជ្ញខាងឯសាច់ឈាមច្រើនទេ មិនមានអ្នកមានអំណាចច្រើនទេ ហើយក៏មិនមានអ្នកត្រកូលខ្ពង់ខ្ពស់ច្រើនដែរ
27 តែព្រះជាម្ចាស់បានជ្រើសរើសពួកល្ងង់ខ្លៅនៅលោកិយនេះដើម្បីធ្វើឲ្យពួកអ្នកប្រាជ្ញមានសេចក្ដីខ្មាស ព្រះអង្គបានជ្រើសរើសពួកកំសោយនៅលោកិយនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស
28 ហើយព្រះជាម្ចាស់បានជ្រើសរើសពួកអ្នកទាបថោកនៅលោកិយនេះ និងពួកអ្នកដែលត្រូវគេមើលងាយ ព្រមទាំងអ្វីៗដែលគ្មានដើម្បីលុបបំបាត់អ្វីៗដែលមាន
29 ដូច្នេះគ្មានមនុស្សណាម្នាក់អួតខ្លួននៅចំពោះព្រះជាម្ចាស់បានទេ។
30 ប៉ុន្ដែដោយសារព្រះអង្គ នោះអ្នករាល់គ្នាក៏នៅក្នុងព្រះគ្រិស្ដយេស៊ូដែលបានត្រលប់ជាប្រាជ្ញា មកពីព្រះជាម្ចាស់សម្រាប់យើង ទាំងខាងសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះ
31 ដើម្បីឲ្យស្របតាមសេចក្ដីដែលចែងទុកថា៖ «អ្នកដែលអួត ចូរអួតនៅក្នុងព្រះអម្ចាស់ចុះ»។