1 បងប្អូនអើយ! ចំពោះសេចក្ដីខាងវិញ្ញាណ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខ្លៅទៀតទេ
2 អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នាជាសាសន៍ដទៃនៅឡើយ គេបាននាំអ្នករាល់គ្នាទៅឯរូបព្រះដែលមិនចេះនិយាយ គឺតាមតែគេដឹកនាំ
3 ដូច្នេះហើយ ទើបខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងថា គ្មានអ្នកណាម្នាក់និយាយដោយនូវព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ថា ព្រះយេស៊ូត្រូវបណ្តាសារ ហើយបើគ្មានព្រះវិញ្ញាណបរិសុទ្ធទេ ក៏គ្មានអ្នកណាម្នាក់អាចនិយាយបានថា ព្រះយេស៊ូជាព្រះអម្ចាស់ដែរ។
4 មានអំណោយទានផ្សេងៗគ្នាមែន ប៉ុន្ដែមកពីព្រះវិញ្ញាណតែមួយទេ។
5 មានមុខងារបម្រើផ្សេងៗគ្នាមែន ប៉ុន្ដែមកពីព្រះអម្ចាស់តែមួយទេ។
6 មានសកម្មភាពផ្សេងៗគ្នាមែន ប៉ុន្ដែគឺជាព្រះជាម្ចាស់តែមួយទេ ដែលធ្វើការសព្វគ្រប់តាមរយៈមនុស្សទាំងអស់
7 ដ្បិតមនុស្សម្នាក់ៗបានទទួលការបើកសំដែងមកពីព្រះវិញ្ញាណសម្រាប់ជាប្រយោជន៍រួម
8 គឺម្នាក់ទទួលបានពាក្យសំដីប្រកបដោយប្រាជ្ញាតាមរយៈព្រះវិញ្ញាណ ម្នាក់ទៀតទទួលបានពាក្យសំដីប្រកបដោយចំណេះដឹងតាមរយៈព្រះវិញ្ញាណដដែល
9 ម្នាក់ទៀតទទួលបានជំនឿ ហើយម្នាក់ទៀតទទួលបានអំណោយទានប្រោសឲ្យជាតាមរយៈព្រះវិញ្ញាណដដែល
10 ម្នាក់ទៀតធ្វើការអស្ចារ្យ ម្នាក់ទៀតថ្លែងព្រះបន្ទូល ម្នាក់ទៀតចេះសំគាល់វិញ្ញាណ ម្នាក់ទៀតនិយាយភាសាចម្លែកអស្ចារ្យ ហើយម្នាក់ទៀតបកប្រែភាសាទាំងនោះ
11 ប៉ុន្ដែគឺជាព្រះវិញ្ញាណតែមួយដដែលទេដែលធ្វើការទាំងអស់នេះ ទាំងចែកចាយដល់មនុស្សម្នាក់ៗរៀងៗខ្លួនតាមដែលព្រះអង្គសព្វព្រះហឫទ័យ។
12 ដ្បិតដូចដែលមានរូបកាយតែមួយ ហើយមានអវយវៈច្រើន អវយវៈទាំងឡាយរបស់រូបកាយ ទោះជាច្រើនមែន ប៉ុន្ដែរួមគ្នាមកជារូបកាយតែមួយទេ ហើយព្រះគ្រិស្ដក៏ដូច្នោះដែរ
13 ព្រោះយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ មិនថា ជនជាតិយូដា ឬជនជាតិក្រេក មិនថា បាវបម្រើ ឬអ្នកមានសេរីភាពឡើយ គឺព្រះជាម្ចាស់ប្រទានឲ្យយើងទាំងអស់គ្នាផឹកព្រះវិញ្ញាណតែមួយ
14 ដ្បិតរូបកាយក៏មិនមែនមានអវយវៈតែមួយដែរ គឺមានច្រើន
15 ទោះបីជើងនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» ក៏ជើងនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ
16 ហើយទោះបីត្រចៀកនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» ក៏ត្រចៀកនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ
17 បើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់ឮនៅត្រង់ណា? បើរូបកាយទាំងមូលជាត្រចៀក តើនឹងស្រង់ក្លិននៅត្រង់ណា?
18 ប៉ុន្ដែព្រះជាម្ចាស់បានដាក់អវយវៈនិមួយៗនៅក្នុងរូបកាយតាមព្រះអង្គសព្វព្រះហឫទ័យ
19 ហើយបើទាំងអស់ជាអវយវៈតែមួយ តើរូបកាយនៅឯណា?
20 ដូច្នេះទោះជាមានអវយវៈច្រើនក៏ដោយ ក៏រូបកាយតែមួយ
21 ហើយភ្នែកមិនអាចនិយាយទៅដៃថា៖ «ខ្ញុំមិនត្រូវការឯង» ឬក្បាលនិយាយទៅជើងថា «ខ្ញុំមិនត្រូវការឯង» បានដែរ។
22 ផ្ទុយទៅវិញ អវយវៈណាដែលមើលទៅដូចជាខ្សោយជាងគេនៅក្នុងរូបកាយ នោះត្រលប់ជាសំខាន់វិញ
23 រីឯអវយវៈណាដែលយើងគិតថាអាប់ឱនជាងគេនៅក្នុងរូបកាយ នោះយើងសម្អិតសម្អាងឲ្យកាន់តែថ្លៃថ្នូរ ហើយអវយវៈរបស់យើងណាដែលមើលទៅមិនស្អាត នោះត្រលប់ជាកាន់តែស្អាតឡើង
24 ប៉ុន្ដែអវយវៈរបស់យើងដែលស្អាតហើយនោះ មិនត្រូវការសម្អិតសម្អាងឡើយ ដ្បិតព្រះជាម្ចាស់បានផ្គុំរូបកាយឡើង ដោយប្រទានឲ្យមានតម្លៃកាន់តែវិសេសដល់អវយវៈណាដែលមានការខ្វះខាត
25 ដើម្បីកុំឲ្យមានការបែកបាក់នៅក្នុងរូបកាយ ផ្ទុយទៅវិញ ឲ្យអវយវៈទាំងឡាយ ខ្វល់ខ្វាយចំពោះគ្នាទៅវិញទៅមក។
26 បើអវយវៈណាមួយឈឺចាប់ នោះអវយវៈទាំងអស់ក៏ឈឺចាប់ដែរ ឬបើអវយវៈណាមួយទទួលបានការសរសើរ នោះអវយវៈទាំងអស់ក៏អរសប្បាយដែរ។
27 អ្នករាល់គ្នាជារូបកាយរបស់ព្រះគ្រិស្ដ ហើយជាអវយវៈតាមផ្នែករៀងៗខ្លួន។
28 នៅក្នុងក្រុមជំនុំ ព្រះជាម្ចាស់បានតាំងឲ្យមានពួកសាវកជាមុន ទីពីរឲ្យមានពួកអ្នកនាំព្រះបន្ទូល ទីបីឲ្យមានពួកគ្រូ បន្ទាប់មកឲ្យមានអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អំណោយទាននៃការប្រោសឲ្យជា អ្នកជំនួយការ អ្នកបម្រើការ និងអ្នកនិយាយភាសាចម្លែកអស្ចារ្យ។
29 តើគ្រប់គ្នាជាសាវកឬ? តើគ្រប់គ្នាជាអ្នកនាំព្រះបន្ទូលឬ? តើគ្រប់គ្នាជាគ្រូឬ? តើគ្រប់គ្នាជាអ្នកធ្វើការអស្ចារ្យឬ?
30 តើគ្រប់គ្នាមានអំណោយទាននៃការប្រោសឲ្យជាឬ? តើគ្រប់គ្នានិយាយភាសាចម្លែកអស្ចារ្យឬ? តើគ្រប់គ្នាបកប្រែភាសាចម្លែកអស្ចារ្យឬ?
31 ដូច្នេះ ចូរអ្នករាល់គ្នាសង្វាតឲ្យបានអំណោយទានដែលប្រសើរជាងគេចុះ ហើយខ្ញុំនឹងបង្ហាញផ្លូវដ៏ប្រសើរបំផុតមួយដល់អ្នករាល់គ្នាទៀត។