1 បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាមានជម្លោះជាមួយអ្នកដទៃ ម្ដេចក៏ហ៊ានឲ្យគេជំនុំជម្រះនៅចំពោះមុខមនុស្សទុច្ចរិត ប៉ុន្ដែមិនហ៊ាននៅចំពោះមុខពួកបរិសុទ្ធដូច្នេះ
2 ឬមួយអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះលោកិយនេះ ដូច្នេះបើលោកិយនេះត្រូវអ្នករាល់គ្នាជំនុំជម្រះទៅហើយ តើអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការជំនុំជម្រះរឿងកំប៉ិចកំប៉ុកឬ?
3 តើអ្នករាល់គ្នាមិនដឹងទេឬថា យើងនឹងជំនុំជម្រះពួកទេវតាដែរ កុំថាឡើយបញ្ហានៃជីវិតនេះ។
4 ចុះបើអ្នករាល់គ្នាមានរឿងក្តីនៅក្នុងជីវិតនេះមែន តើអ្នករាល់គ្នាឲ្យពួកអ្នកដែលក្រុមជំនុំមើលងាយកាត់ក្ដីឲ្យឬ?
5 ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។ តើនៅក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ឈ្លាសវៃអាចនឹងជំនុំជម្រះឲ្យបងប្អូនឯងបានទេឬ?
6 គឺបងប្អូនប្ដឹងផ្ដល់បងប្អូនឯង ហើយនៅចំពោះមុខអ្នកមិនជឿទៀត
7 ដូច្នេះកាលអ្នករាល់គ្នាមានរឿងក្ដីនឹងគ្នាឯង នោះអ្នករាល់គ្នាមានកំហុសទាំងស្រុងរួចទៅហើយ។ ហេតុអ្វីមិនឲ្យគេធ្វើខុសលើទៅ ហេតុអ្វីមិនឲ្យគេគៃបន្លំលើទៅ
8 ដ្បិតអ្នករាល់គ្នាក៏ធ្វើខុស ហើយក៏គៃបន្លំដែរ គឺធ្វើបែបនេះដល់បងប្អូនឯងទៀតផង។
9 ឬមួយអ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកទេឬ ចូរកុំឲ្យចាញ់បញ្ឆោតឡើយ ទាំងមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ អ្នកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកមនុស្សរួមភេទជាមួយភេទដូចគ្នា
10 ពួកចោរ ពួកមនុស្សលោភ ពួកមនុស្សប្រមឹក ពួកប្រមាថគេ ព្រមទាំងពួកមនុស្សបោកប្រាស់ នឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកឡើយ
11 ហើយបងប្អូនខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្ដែត្រូវបានលាងសំអាត និងត្រូវបានញែកជាបរិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតដោយសារព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ និងដោយសារព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង
12 ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់ ប៉ុន្ដែមិនមែនអ្វីៗទាំងអស់សុទ្ធតែមានប្រយោជន៍ទេ ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែខ្ញុំមិនឲ្យអ្វីមួយគ្រប់គ្រងលើខ្ញុំបានឡើយ។
13 អាហារសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់អាហារដែរ ប៉ុន្ដែព្រះជាម្ចាស់នឹងបំផ្លាញរបស់ទាំងពីរនេះ រីឯរូបកាយវិញមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
14 ព្រះជាម្ចាស់ដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញនឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារអំណាចរបស់ព្រះអង្គដែរ
15 តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រិស្ដ? ដូច្នេះ តើគួរឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រិស្ដធ្វើជាអវយវៈរបស់ស្ដ្រីពេស្យាបានឬ? ទេ មិនបានជាដាច់ខាត
16 ឬមួយអ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមរ័កជាមួយស្រ្តីពេស្យា មានរូបកាយតែមួយជាមួយនាង ដ្បិតមានសេចក្ដីចែងទុកថា៖ «អ្នកទាំងពីរនឹងត្រលប់ជារូបកាយតែមួយ»
17 រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ក៏មានវិញ្ញាណតែមួយជាមួយព្រះអង្គដែរ។
18 ចូររត់គេចពីអំពើអសីលធម៌ខាងផ្លូវភេទ។ បាបទាំងឡាយដែលមនុស្សប្រព្រឹត្ត គឺនៅក្រៅរូបកាយទេ ប៉ុន្ដែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ
19 ឬមួយអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួលពីព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ
20 ដ្បិតព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ដូច្នេះចូរសរសើរតម្កើងព្រះជាម្ចាស់ដោយរូបកាយរបស់អ្នករាល់គ្នាចុះ។