រ៉ូម 16 KCB

1 ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់គ្នា​ទទួល​ស្គាល់​នាង​ភីបេ​ ជា​បងប្អូន​របស់​យើង​ នាង​ជា​អ្នកបម្រើ​ក្រុមជំនុំ​នៅ​ក្រុង​កេងគ្រា​

2 ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះអម្ចាស់​ឲ្យ​ស័ក្ដិសម​ជា​ពួក​បរិសុទ្ធ​ ព្រមទាំង​ចាំ​ជួយ​នាង​ក្នុង​គ្រប់​បញ្ហា​ដែល​នាង​ត្រូវការ​អ្នក​រាល់គ្នា​ ដ្បិត​នាង​បាន​ជួយ​មនុស្ស​ជាច្រើន​ ព្រមទាំង​ខ្ញុំ​ដែរ។​

3 សូម​ជម្រាបសួរ​ដល់​នាង​ព្រីសីល​ និង​លោក​អ័គីឡា​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​

4 ដ្បិត​ពួកគេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ ហើយ​មិន​គ្រាន់​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អរគុណ​ពួកគេ​ ​គឺ​ក្រុមជំនុំ​សាសន៍​ដទៃ​ទាំង​អស់​ក៏​អរគុណ​ពួកគេ​ដែរ។​

5 សូម​ជម្រាបសួរ​ដល់​ក្រុមជំនុំ​ដែល​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួកគេ​ដែរ​ សូម​ជម្រាបសួរ​ដល់​លោក​អេប៉ាយនេត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ ដែល​ជា​ផល​ដំបូង​ពី​ស្រុក​អាស៊ី​ថ្វាយ​ដល់​ព្រះគ្រិស្ដ។​

6 សូម​ជម្រាបសួរ​ដល់​នាង​ម៉ារា​ដែល​បាន​នឿយ​ហត់​ច្រើន​សម្រាប់​អ្នក​រាល់គ្នា។​

7 សូម​ជម្រាបសួរ​ដល់​លោក​អាន់ត្រូនីក​ និង​នាង​យូនាស​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ និង​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ដែរ​ អ្នក​ទាំង​ពីរ​ជា​អ្នក​ដែល​មាន​កេរិ៍្ដ​ឈ្មោះ​ក្នុង​ចំណោម​ពួក​សាវក​ ព្រមទាំង​បាន​ជឿ​ព្រះគ្រិស្ដ​មុន​ខ្ញុំ​ទៀត​ផង។​

8 សូម​ជម្រាបសួរ​ដល់​លោក​អាំភ្លាស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​ព្រះអម្ចាស់។​

9 សូម​ជម្រាបសួរ​ដល់​លោក​អើបាន់​ជា​អ្នក​រួម​ការងារ​ជាមួយ​យើង​ក្នុង​ព្រះគ្រិស្ដ​ និង​លោក​ស្តាគីស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។​

10 សូម​ជម្រាបសួរ​ដល់​លោក​អ័ពេលេស​ ជា​អ្នក​បាន​ខ្ជាប់​ខ្ជួន​ក្នុង​ព្រះគ្រិស្ដ​ និង​សូម​ជម្រាបសួរ​ដល់​ក្រុម​គ្រុសារ​របស់​លោក​អើរិស្គូប៊ូល។​

11 សូម​ជម្រាបសួរ​ដល់​លោក​ហេរ៉ូឌាន​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ និង​សូម​ជម្រាបសួរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​ណើគីស​ នៅ​ក្នុង​ព្រះអម្ចាស់។​

12 សូម​ជម្រាបសួរ​ដល់​នាង​ទ្រីភែន​ និង​នាង​ទ្រីផូស​ដែល​ធ្វើ​ការ​នឿយ​ហត់​នៅ​ក្នុង​ព្រះអម្ចាស់​ និង​សូម​ជម្រាបសួរ​ដល់​នាង​ពើស៊ីស​ជា​ទី​ស្រឡាញ់​ដែល​បាន​ធ្ចើការ​នឿយ​ហត់​យ៉ាង​ច្រើន​នៅ​ក្នុង​ព្រះអម្ចាស់។​

13 សូម​ជម្រាបសួរ​ដល់​លោក​រូភូស​ ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​ និង​ម្ដាយ​របស់​គាត់​ ដែល​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។​

14 សូម​ជម្រាបសួរ​ដល់​លោក​អ័ស៊ីងគ្រីត​ លោក​ភ្លេកូន​ លោក​ហើម៉ាស​ លោក​ប៉ាត្រូបាស​ លោក​ហើមេស​ និង​បងប្អូន​ទាំងឡាយ​ដែល​នៅ​ជាមួយ​ពួកគេ​ដែរ។​

15 សូម​ជម្រាបសួរ​ដល់​លោក​ភីឡូឡូក​ និង​នាង​យូលី​ លោក​នេរើស​ និង​ប្អូន​ស្រី​របស់​គាត់​ព្រមទាំង​លោក​អូលីមប៉ាស​ និង​ពួក​បរិសុទ្ធ​ទាំង​អស់​ដែល​នៅ​ជាមួយ​ពួកគេ។​

16 ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ថើប​បរិសុទ្ធ​ ហើយ​ក្រុមជំនុំ​ទាំង​អស់​របស់​ព្រះគ្រិស្ដ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

17 បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួកអ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ និង​ការ​ជំពប់​ដួល​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ គឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​

18 ដ្បិត​ពួក​មនុស្ស​បែប​នេះ​មិន​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ គឺ​ពួកគេ​បម្រើ​ក្រពះ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​បញ្ឆោត​មនុស្ស​ស្លូតត្រង់​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម​ និង​ពាក្យ​បញ្ជោរ។​

19 ដោយសារ​មនុស្ស​ទាំង​អស់​បាន​ដឹង​អំពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​អ្នក​រាល់គ្នា​ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​មាន​ប្រាជ្ញា​ខាង​ការ​ល្អ​ ហើយ​មិន​ពាក់​ព័ន្ធ​ខាង​ការ​អាក្រក់។​

20 ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​នឹង​កម្ទេច​អារក្ស​សាតាំង​ឲ្យ​នៅ​ក្រោម​ជើង​របស់​អ្នក​រាល់គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ។​ ដូច្នេះ​ សូម​ឲ្យ​អ្នក​រាល់គ្នា​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង។​

21 លោក​ធីម៉ូថេ​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ និង​លោក​លូគាស​ លោក​យ៉ាសុន​ លោក​សូសិប៉ាត្រុស​ ជា​សាច់​ញាតិ​របស់​ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

22 ខ្ញុំ​ឈ្មោះ​ទើទាស​ជា​អ្នក​សរសេរ​សំបុត្រ​របស់​លោក​ប៉ូល​នេះ​ ក៏​សូម​ជម្រាបសួរ​ដល់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។​

23 លោក​កៃយ៉ូស​ជា​ម្ចាស់​ផ្ទះ​ដែល​ទទួល​ខ្ញុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​អស់​បាន​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ឯ​លោក​អេរ៉ាស្ទុស​ ជា​អ្នក​គ្រប់គ្រង​ឃ្លាំង​ប្រាក់​របស់​ក្រុង​ និង​លោក​ក្លើតុស​ជា​បងប្អូន​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

24 [សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ អាម៉ែន។]​

25 ព្រះជាម្ចាស់​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​រឹង​មាំ​តាមរយៈ​ដំណឹង​ល្អ​របស់​ខ្ញុំ​ គឺ​ជា​សេចក្ដី​ប្រកាស​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ស្រប​តាម​ការ​បើកសំដែង​អំពី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​ជា​យូរ​មក​ហើយ​

26 ប៉ុន្ដែ​ឥឡូវ​នេះ​ បាន​បើកសំដែង​ឲ្យ​ជនជាតិ​ទាំង​អស់​បាន​ដឹង​តាមរយៈ​បទគម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល​ ស្រប​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដ៏​អស់កល្ប​ជានិច្ច​ ដើម្បី​ឲ្យ​គេ​ស្ដាប់​បង្គាប់​ដោយ​ជំនឿ​

27 សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​មាន​ប្រាជ្ញា​តែ​មួយ​អង្គ​គត់​ បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ អាម៉ែន៕​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16