1 ដូច្នេះ ដែលយើងបានរាប់ជាសុចរិតដោយសារជំនឿ នោះយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
2 តាមរយៈព្រះអង្គ ដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយមានអំណរចំពោះសេចក្ដីសង្ឃឹមនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។
3 មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានអំណរ នៅពេលយើងមានទុក្ខលំបាកដែរ ព្រោះដឹងថា ទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីអត់ធ្មត់
4 សេចក្ដីអត់ធ្មត់បង្កើតសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតសេចក្ដីសង្ឃឹម
5 ហើយសេចក្ដីសង្ឃឹមមិនធ្វើឲ្យខកចិត្ដឡើយ ព្រោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានបង្ហូរមកក្នុងចិត្ដយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានប្រទានដល់យើង។
6 ពេលយើងនៅខ្សោយនៅឡើយ លុះដល់ពេលកំណត់ព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីមនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់
7 កម្រមានមនុស្សណាម្នាក់សុខចិត្ដស្លាប់ដើម្បីមនុស្សសុចរិតណាស់ ឬក៏ប្រហែលជាមានមនុស្សម្នាក់ហ៊ានស្លាប់ដើម្បីមនុស្សល្អមែន
8 តែព្រះជាម្ចាស់បង្ហាញសេចក្ដីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយឲ្យព្រះគ្រិស្ដសោយទិវង្គតដើម្បីយើង កាលយើងនៅជាមនុស្សបាបនៅឡើយ
9 លើសពីនេះទៅទៀត យើងត្រូវបានរាប់ជាសុចរិតដោយសារឈាមរបស់ព្រះអង្គ ហើយយើងក៏នឹងទទួលសេចក្ដីសង្គ្រោះរួចពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់តាមរយៈព្រះអង្គទៀតផង
10 បើព្រះជាម្ចាស់ឲ្យយើងផ្សះផ្សាជាមួយព្រះអង្គតាមរយៈការសោយទិវង្គតនៃព្រះរាជបុត្រារបស់ព្រះអង្គ កាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ចុះឥឡូវនេះ ពេលដែលយើងបានផ្សះផ្សារួចហើយ យើងនឹងទទួលបានសេចក្ដីសង្គ្រោះលើសនេះយ៉ាងណាទៅទៀត ដោយសារជីវិតរបស់ព្រះយេស៊ូ
11 ហើយមិនត្រឹមតែប៉ុណ្ណោះ យើងក៏មានអំណរដែរនៅក្នុងព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះយើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គរួចហើយ។
12 ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ក៏មកតាមរយៈបាបជាយ៉ាងណា នោះសេចក្ដីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាជាយ៉ាងនោះដែរ ព្រោះមនុស្សគ្រប់គ្នាបានធ្វើបាប
13 ដ្បិតបាបបានមាននៅក្នុងពិភពលោកនេះរួចទៅហើយ មុនមានគម្ពីរវិន័យ តែកាលណាមិនទាន់មានក្រឹត្យវិន័យ បាបក៏មិនបានរាប់ជាទោសដែរ
14 យ៉ាងណាក្ដី ចាប់តាំងពីជំនាន់លោកអ័ដាមដល់ជំនាន់លោកម៉ូសេ សេចក្ដីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ ទោះជាពួកគេមិនបានធ្វើបាបដូចការល្មើសរបស់លោកអ័ដាមក៏ដោយ ហើយលោកអ័ដាមនេះជាគំរូនៃព្រះមួយអង្គដែលត្រូវយាងមក។
15 ប៉ុន្ដែអំណោយទានមិនដូចកំហុសឡើយ បើមនុស្សជាច្រើនស្លាប់ដោយសារកំហុសរបស់មនុស្សម្នាក់ នោះព្រះគុណរបស់ព្រះជាម្ចាស់ និងអំណោយទានតាមរយៈព្រះគុណរបស់មនុស្សម្នាក់ ដែលជាព្រះយេស៊ូគ្រិស្ដ បានប្រទានយ៉ាងហូរហៀរដល់មនុស្សជាច្រើនលើសជាងនោះទៅទៀត
16 ហើយអំណោយទានក៏មិនដូចជាបាបដែលមនុស្សម្នាក់បានធ្វើដែរ ព្រោះការជំនុំជម្រះកំហុសរបស់មនុស្សម្នាក់ នាំឲ្យមានការដាក់ទោស ប៉ុន្ដែអំណោយទានវិញ បានរាប់មនុស្សជាសុចរិត ទោះជាមានកំហុសជាច្រើនក៏ដោយ
17 រួចបើដោយសារកំហុសរបស់មនុស្សម្នាក់ សេចក្ដីស្លាប់បានសោយរាជ្យតាមរយៈម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលបានព្រះគុណដ៏ហូរហៀរ និងអំណោយទាននៃសេចក្ដីសុចរិត នឹងសោយរាជ្យនៅក្នុងជីវិតលើសជាងនោះទៅទៀតដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្ដ។
18 ដូច្នេះហើយ ដោយសារកំហុសតែមួយរបស់មនុស្សម្នាក់ ធ្វើឲ្យមនុស្សគ្រប់គ្នាមានទោសជាយ៉ាងណា នោះដោយសារអំពើសុចរិតតែមួយរបស់មនុស្សម្នាក់ក៏ធ្វើឲ្យមនុស្សទាំងអស់បានរាប់ជាសុចរិត និងមានជីវិតជាយ៉ាងនោះដែរ
19 ហើយដោយសារការមិនស្ដាប់បង្គាប់របស់មនុស្សម្នាក់ធ្វើឲ្យមនុស្សជាច្រើនត្រលប់ជាមនុស្សបាបជាយ៉ាងណា នោះដោយសារការស្ដាប់បង្គាប់របស់មនុស្សម្នាក់ ក៏ធ្វើឲ្យមនុស្សជាច្រើនត្រលប់ជាមនុស្សសុចរិតជាយ៉ាងនោះដែរ។
20 គម្ពីរវិន័យចូលមក ដើម្បីឲ្យកំហុសកើនឡើង ប៉ុន្ដែកន្លែងណាដែលមានបាបកើនឡើង នោះព្រះគុណក៏ចម្រើនឡើងជាបរិបូរលើសនោះទៅទៀត
21 ដូចដែលបាបបានសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់ជាយ៉ាងណា នោះព្រះគុណក៏សោយរាជ្យដោយសារសេចក្ដីសុចរិតដែលនាំទៅឯជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងជាយ៉ាងនោះដែរ។