រ៉ូម 1 KCB

1 ខ្ញុំ​ប៉ូល​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ និង​ជា​សាវក​ម្នាក់​ដែល​ត្រូវ​បាន​ត្រាស់ហៅ​ ព្រមទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​

2 ដែល​បាន​សន្យា​ពីមុន​មក​តាមរយៈ​ពួក​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​បទគម្ពីរ​បរិសុទ្ធ​

3 អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ខាង​ឯ​សាច់ឈាម​បាន​ប្រសូត​ពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​

4 ត្រូវ​បាន​តែង​តាំង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដោយ​ព្រះ​ចេស្ដា​របស់​ព្រះវិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ​ បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ គឺ​ជា​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​

5 ដែល​យើង​បាន​ទទួល​ព្រះគុណ​ និង​តួនាទី​ជា​សាវក​ ដើម្បី​ឲ្យ​គ្រប់​ជនជាតិ​បាន​ស្ដាប់​បង្គាប់​តាម​ជំនឿ​ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ។​

6 អ្នក​រាល់គ្នា​ក៏​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​ព្រះយេស៊ូ​គ្រិស្ដ​បាន​ត្រាស់ហៅ​ដែរ‍។​

7 ជូន​ចំពោះ​បងប្អូន​ជា​ទី​ស្រឡាញ់​ទាំង​អស់​នៅ​ក្នុង​ព្រះជាម្ចាស់​ ដែល​បាន​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម។​ សូម​ឲ្យ​ព្រះជាម្ចាស់​ ជា​ព្រះ​វរ​បិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​រាល់គ្នា។​

8 ជា​បឋម​ ខ្ញុំ​សូម​អរព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ ព្រោះ​មាន​គេ​ប្រកាស​ប្រាប់​ពី​ជំនឿ​របស់​អ្នក​រាល់គ្នា​ពាសពេញ​ពិភពលោក​

9 ហើយ​ព្រះជាម្ចាស់​ ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​របស់​ខ្ញុំ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ជា​សាក្សី​របស់​ខ្ញុំ​ថា​ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​រាល់គ្នា​

10 ជានិច្ច​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ ដោយ​ទូល​សូម​ឲ្យ​ម្ដង​នេះ​ ខ្ញុំ​អាច​មក​លេង​អ្នក​រាល់គ្នា​បាន​នៅ​ទី​បំផុត​ ដោយ​វិធិ​ណា​មួយ​ តាម​បំណង​របស់​ព្រះជាម្ចាស់។​

11 ដ្បិត​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ជួប​អ្នក​រាល់គ្នា​ ដើម្បី​ចែក​អំណោយទាន​ខាង​វិញ្ញាណ​ខ្លះ​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រឹងមាំ​

12 គឺ​ឲ្យ​យើង​បាន​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក​ ពេល​នៅ​ជាមួយ​គ្នា​ តាមរយៈ​ជំនឿ​របស់​យើង​ម្នាក់ៗ​ គឺ​ទាំង​ជំនឿ​របស់​អ្នក​រាល់គ្នា​ និង​របស់​ខ្ញុំ។​

13 បងប្អូន​អើយ​ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​មាន​គម្រោង​មក​លេង​បងប្អូន​ច្រើនដង​មក​ហើយ​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ទទួល​នៅ​ក្នុង​ចំណោម​ជនជាតិ​ផ្សេង​ទៀត​ដែរ​ ប៉ុន្ដែ​ខ្ញុំ​ត្រូវ​បាន​រាំងរា​រហូត​ដល់​ពេល​នេះ។​

14 ខ្ញុំ​ជំពាក់​ទាំង​ជនជាតិ​ក្រេក​ និង​ជនជាតិ​ដទៃ​ទៀត​ ទាំង​អ្នក​ប្រាជ្ញ​ និង​អ្នក​ល្ងង់ខ្លៅ​

15 ដូច្នេះ​ ខ្ញុំ​ក៏​ចង់​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​រាល់គ្នា​ ដែល​នៅ​ក្រុង​រ៉ូម​ខ្លាំង​ណាស់​ដែរ។​

16 គឺ​ខ្ញុំ​មិន​ខ្មាស​នឹង​ដំណឹង​ល្អ​ទេ​ ព្រោះ​ជា​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​ជឿ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់​មក​ជនជាតិ​ក្រេក​

17 ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​បើកសំដែង​ដោយសារ​ជំនឿ​ ហើយ​ឲ្យ​ជំនឿ​នោះ​ចម្រើន​ច្រើន​ឡើង​ ដូច​មាន​ចែង​ទុក​ថា៖​ «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ»។​

18 សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​បង្ហាញ​ពី​ស្ថានសួគ៌​មក​ទាស់​នឹង​គ្រប់​ទាំង​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ដែល​កំពុង​បង្ខាំង​សេចក្ដី​ពិត​ក្នុង​សេចក្ដី​ទុច្ចរិត​

19 ព្រោះ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​បាន​ គឺ​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​ពួកគេ​ហើយ​ ដ្បិត​ព្រះជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ។​

20 តាំងពី​កំណើត​ពិភពលោក​មក​ លក្ខណៈ​របស់​ព្រះអង្គ​ដែល​មិន​អាច​មើល​ឃើញ​ គឺ​ព្រះ​ចេស្ដា​ដ៏​អស់កល្ប​ និង​និស្ស័យ​ជាព្រះ​របស់​ព្រះអង្គ​ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាមរយៈ​អ្វីៗ​ ដែល​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។​ ដូច្នេះ​ ពួកគេ​គ្មាន​សេចក្ដី​ដោះសា​ឡើយ។​

21 ​ទោះជា​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​ក៏ដោយ​ ក៏​មិន​តម្កើងព្រះអង្គជា​ព្រះជាម្ចាស់​​​ ឬ​អរព្រះគុណ​ព្រះអង្គ​ដែរ​ ផ្ទុយ​ទៅ​វិញ​ គំនិត​របស់​ពួកគេ​ត្រលប់​ជា​គ្មាន​បាន​ការ​ ហើយ​ចិត្ដ​ល្ងង់ខ្លៅ​របស់​ពួកគេ​ក៏​ត្រលប់​ជា​ងងឹត​

22 ពួកគេ​អះអាង​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា​ ប៉ុន្ដែ​ពួកគេ​ល្ងង់​ទេ​

23 ព្រោះ​ពួកគេ​បាន​ដូរ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​មិន​ចេះ​ស្លាប់​ យក​រូប​សំណាក​របស់​មនុស្ស​ដែល​ពុក​រលួយ​ ព្រមទាំង​សត្វស្លាប​ សត្វ​ជើង​បួន​ និង​សត្វ​លូន​វារ​មក​ជំនួស​វិញ។​

24 ដូច្នេះ​ហើយ​ បានជា​ព្រះជាម្ចាស់​បណ្ដោយ​ពួកគេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ស្មោក​គ្រោក​ទៅ​តាម​ចំណង់​តណ្ហា​របស់​ពួកគេ​ ដែល​ប្រមាថ​រូបកាយ​របស់​គ្នា​ទៅវិញ​ទៅមក។​

25 ពួកគេ​បាន​ដូរ​សេចក្ដី​ពិត​របស់​ព្រះជាម្ចាស់​ យក​សេចក្ដី​ភូតភរ​ ហើយ​បាន​ថ្វាយបង្គំ​ និង​បម្រើ​អ្វីៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ជា​ជាង​ព្រះ​ដែល​បាន​បង្កើត​ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះពរ​អស់​កល្ប​ជានិច្ច​ អាម៉ែន។​

26 ដោយសារ​ហេតុនេះ​ ព្រះជាម្ចាស់​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​តណ្ហា​ថោក​ទាប​ សូម្បី​តែ​ពួក​ស្រីៗ​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​រួមភេទ​តាម​ធម្មតា​ទៅ​ជា​ខុស​ធម្មតា​

27 ឯ​ពួក​ប្រុសៗ​ក៏​ដូច្នោះ​ដែរ​ ពួកគេ​បោះបង់​ការ​រួមភេទ​តាម​ធម្មតា​ជាមួយ​មនុស្ស​ស្រី​ ហើយ​បែរ​ជា​ពុះកញ្ជ្រោល​ក្នុង​ការ​ស្រើបស្រាល​ជាមួយ​ប្រុស​ដូចគ្នា។​ ពួកគេ​បាន​ប្រព្រឺត្ដ​យ៉ាង​អាក្រក់​ គឺ​ប្រុស​ជាមួយ​ប្រុស​ ហើយ​ពួកគេ​បាន​ទទួល​ការ​តបស្នង​ចំពោះ​ពួកគេ​វិញ​យ៉ាង​ស័ក្ដិសម​នឹង​កំហុស​របស់​ខ្លួន។​

28 ​ដោយ​ព្រោះ​ពួកគេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ជាម្ចាស់​សោះ​ ព្រះអង្គ​ក៏​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​គំនិត​ខុស​ឆ្គង​ គឺ​ឲ្យ​ប្រព្រឹត្ដ​មិន​គួរ​គប្បី​

29 ដូច្នេះ​ ពួកគេ​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត​គ្រប់​បែបយ៉ាង​ សេចក្ដី​អាក្រក់​ សេចក្ដី​លោភលន់​ និង​សេចក្ដី​កំណាច​ ហើយ​ពេញ​ដោយ​សេចក្ដី​ឈ្នានីស​ ការ​កាប់​សម្លាប់​ ការ​ឈ្លោះ​ប្រកែក​ ល្បិចកល​ និង​គំនិត​ព្យាបាទ‍​ទៀត​ផង។​ ពួកគេ​ជា​មនុស្ស​និយាយ​ដើម​គេ​

30 មនុស្ស​និយាយ​បង្ខូច​គេ​ មនុស្ស​ស្អប់​ព្រះជាម្ចាស់​ មនុស្ស​ព្រហើន​ មនុស្ស​ក្អេងក្អាង​ មនុស្ស​អួត​ មនុស្ស​បង្កើត​ការ​អាក្រក់​ មនុស្ស​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​

31 មនុស្ស​មិន​ដឹង​ខុសត្រូវ​ មនុស្ស​មិន​ស្មោះត្រង់​ មនុស្ស​គ្មាន​សេចក្ដី​ស្រឡាញ់​ មនុស្ស​គ្មានសេចក្ដី​មេត្ដា។​

32 ពួកគេ​ដឹង​អំពី​ការ​ដាក់ទោស​របស់​ព្រះជាម្ចាស់​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​សម​នឹង​ស្លាប់​ ហើយ​ពួកគេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ពេញចិត្ដ​នឹង​ពួកអ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ទៀត​ផង។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16