1 ដូច្នេះខ្ញុំសូមសួរថា តើព្រះជាម្ចាស់បោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គចោលឬ? មិនមែនដូច្នោះទេ ព្រោះខ្ញុំផ្ទាល់ក៏ជាជនជាតិអ៊ីស្រាអែលម្នាក់ដែរ ហើយជាពូជពង្សរបស់លោកអ័ប្រាហាំ កើតនៅក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
2 ព្រះជាម្ចាស់មិនបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គ ដែលព្រះអង្គបានស្គាល់ជាមុននោះឡើយ ឬមួយអ្នករាល់គ្នាមិនដឹងអំពីអ្វីដែលបទគម្ពីរបានចែងអំពីលោកអេលីយ៉ាទេឬអីថា តើគាត់ទូលអង្វរព្រះជាម្ចាស់ទាស់ជាមួយជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេចខ្លះ?
3 គឺគាត់ទូលថា៖ «ព្រះអម្ចាស់អើយ! ពួកគេបានសម្លាប់ពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គ ហើយរំលំកន្លែងថ្វាយតង្វាយទាំងឡាយរបស់ព្រះអង្គចោល នៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ រួចពួកគេរកសម្លាប់ខ្ញុំទៀត!»
4 តើព្រះជាម្ចាស់មានបន្ទូលឆ្លើយទៅគាត់យ៉ាងដូចម្ដេច? គឺព្រះអង្គឆ្លើយថា៖ «យើងបានរក្សាមនុស្សប្រាំពីរពាន់នាក់ទុកសម្រាប់យើង ជាពួកអ្នកដែលមិនលុតជង្គង់នៅចំពោះមុខព្រះបាល»។
5 ដូច្នេះដែរ នៅបច្ចុប្បន្ននេះ ក៏មានអ្នកនៅសល់ដែលព្រះអង្គបានជ្រើសរើសដោយសារព្រះគុណ
6 ហើយបើដោយសារព្រះគុណមែន នោះមិនត្រូវអាងលើការប្រព្រឹត្តិទៀតទេ បើមិនដូច្នេះទេ ព្រះគុណមិនមែនជាព្រះគុណទៀតទេ។
7 តើយ៉ាងដូចម្ដេចទៀត? អ្វីដែលជនជាតិអ៊ីស្រាអែលស្វែងរក នោះមិនបានទទួលឡើយ ប៉ុន្ដែពួកដែលត្រូវបានជ្រើសរើសបានទទួល ឯអ្នកឯទៀតៗត្រូវធ្វើឲ្យមានចិត្ដរឹងរូស
8 ដូចមានសេចក្ដីចែងទុកថា៖ «ព្រះជាម្ចាស់ប្រទានវិញ្ញាណស្ពឹកស្រពន់ និងភ្នែកដែលមើលមិនឃើញ ហើយត្រចៀកដែលស្ដាប់មិនឮដល់ពួកគេរហូតមកដល់សព្វថ្ងៃនេះ»។
9 ឯស្ដេចដាវីឌវិញនិយាយថា៖ «សូមឲ្យតុរបស់ពួកគេត្រលប់ជាអង្គប់ ជាអន្ទាក់ ជារបស់ដែលធ្វើឲ្យជំពប់ដួល និងជាសំណងដល់ពួកគេវិញចុះ
10 សូមឲ្យភ្នែករបស់ពួកគេងងឹតមើលមិនឃើញ ហើយឲ្យខ្នងរបស់ពួកគេកោងរហូត»។
11 ដូច្នេះ ខ្ញុំសូមសួរថា តើពួកគេបានជំពប់ដើម្បីដួលចុះឬ? មិនមែនដូច្នោះទេ ផ្ទុយទៅវិញដើម្បីឲ្យសាសន៍ដទៃបានទទួលសេចក្ដីសង្គ្រោះដោយសារកំហុសរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេច្រណែន។
12 បើកំហុសរបស់ពួកគេនាំភាពចម្រើនដល់ពិភពលោក ហើយការអន់ថយរបស់ពួកគេ នាំភាពចម្រើនដល់សាសន៍ដទៃយ៉ាងនេះទៅហើយ ចុះទម្រាំភាពពេញលក្ខណៈរបស់ពួកគេវិញ នោះនឹងនាំនូវការប្រសើរច្រើនលើសលប់យ៉ាងណាទៅទៀត!
13 ខ្ញុំនិយាយទៅអ្នករាល់គ្នាជាសាសន៍ដទៃ ព្រោះខ្ញុំជាសាវកសម្រាប់សាសន៍ដទៃ បានជាខ្ញុំលើកតម្កើងការងាររបស់ខ្ញុំនេះ
14 ហើយប្រហែលជាខ្ញុំអាចធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន ដើម្បីឲ្យពួកគេខ្លះទទួលបានសេចក្ដីសង្គ្រោះ។
15 បើការដែលពួកគេត្រូវបដិសេធ នាំសេចក្ដីផ្សះផ្សាដល់ពិភពលោកយ៉ាងនេះទៅហើយ ចុះទម្រាំបើពួកគេត្រូវទទួលយកវិញ នោះតើមិនមែនជាការមានជីវិតរស់ឡើងវិញពីសេចក្ដីស្លាប់ទេឬ?
16 បើមួយចំណិតដំបូងនៃតង្វាយបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធដែរ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។
17 យ៉ាងណាក្ដី បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកដែលជាដើមអូលីវព្រៃត្រូវបានផ្សាំក្នុងចំណោមមែកទាំងនោះ ព្រមទាំងស្រូបយកជីវជាតិពីឫសដើមអូលីវស្រុកជាមួយមែកផ្សេងទៀតទៅហើយ
18 នោះ ចូរកុំអួតអាងនឹងមែកទាំងនោះឡើយ ទោះបីអ្នកអួតអាងក៏ដោយ ក៏ចូរដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសចិញ្ចឹមអ្នកវិញ។
19 ពេលនោះអ្នកនឹងនិយាយថា មែកទាំងនោះត្រូវបានកាត់ចេញ ដើម្បីយកខ្ញុំផ្សាំជំនួស។
20 មែនហើយ ពួកគេត្រូវបានកាត់ចេញដោយសារគ្មានជំនឿ រីឯអ្នកវិញត្រូវបានភ្ជាប់ឲ្យជាប់ដោយសារជំនឿ ដូច្នេះ កុំមានគំនិតឆ្មើងឆ្មៃឡើយ ប៉ុន្ដែចូរកោតខ្លាចវិញ
21 ដ្បិតបើព្រះជាម្ចាស់មិនអត់ឱនឲ្យមែកពីកំណើតផង នោះព្រះជាម្ចាស់ក៏មិនអត់ឱនឲ្យអ្នកដែរ។
22 ចូរពិចារណាអំពីសេចក្ដីសប្បុរស និងភាពម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ចុះ។ ព្រះអង្គមានភាពម៉ឺងម៉ាត់ចំពោះអស់អ្នកដែលដួលចុះ ប៉ុន្ដែព្រះអង្គមានសេចក្ដីសប្បុរសចំពោះអ្នក លុះត្រាតែអ្នកនៅជាប់នឹងសេចក្ដីសប្បុរសរបស់ព្រះអង្គ បើមិនដូច្នេះទេ អ្នកក៏ត្រូវកាត់ចេញដែរ
23 ឯពួកអ្នកដែលត្រូវកាត់ចេញទាំងនោះក៏ដូច្នេះដែរ បើពួកគេបោះបង់ភាពគ្មានជំនឿរបស់ពួកគេ ព្រះជាម្ចាស់នឹងផ្សាំពួកគេវិញ ព្រោះព្រះអង្គអាចផ្សាំពួកគេជាថ្មីបាន។
24 ដ្បិតបើអ្នកដែលមានកំណើតជាដើមអូលីវព្រៃ ត្រូវបានកាត់យកមកផ្សាំជាប់ដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតទៅហើយ ចុះទម្រាំពួកគេដែលមានកំណើតជាដើមអូលីវស្រុកស្រាប់ នោះងាយផ្សាំជាប់ដើមរបស់ខ្លួនវិញលើសជាងអម្បាលមានទៅទៀត។
25 បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាស្មានថាខ្លួនឯងឆ្លាត គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូស រហូតទាល់តែឲ្យសាសន៍ដទៃទាំងឡាយបានចូលមកគ្រប់ចំនួន។
26 ដូច្នេះហើយជនជាតិអ៊ីស្រាអែលនឹងទទួលបានសេចក្ដីសង្គ្រោះទាំងអស់គ្នា ដូចមានសេចក្ដីចែងទុកថា៖ «ព្រះអង្គសង្គ្រោះនឹងយាងចេញពីក្រុងស៊ីយ៉ូន ហើយព្រះអង្គនឹងដកយកការមិនកោតខ្លាចព្រះជាម្ចាស់ចេញពីយ៉ាកុប
27 ដ្បិតនេះហើយជាកិច្ចព្រមព្រៀងរបស់យើងជាមួយពួកគេ គឺនៅពេលដែលយើងដកយកបាបចេញពីពួកគេ»។
28 យោងតាមដំណឹងល្អ ដោយសារអ្នករាល់គ្នា ពួកគេត្រលប់ជាសត្រូវរបស់ព្រះជាម្ចាស់ ប៉ុន្ដែយោងតាមការជ្រើសរើសវិញ ដោយសារដូនតារបស់ពួកគេ ព្រះជាម្ចាស់ស្រឡាញ់ពួកគេ
29 ព្រោះអំណោយទាន និងការត្រាស់ហៅរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ
30 ដ្បិតពីដើមអ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណាដោយសារពួកអ្នកមិនស្ដាប់បង្គាប់ទាំងអស់នោះជាយ៉ាងណា
31 នោះពួកគេក៏ដូច្នោះដែរ គឺឥឡូវនេះពួកគេមិនស្ដាប់បង្គាប់ ដើម្បីឲ្យពួកគេទទួលបានសេចក្ដីមេត្តាករុណានៅពេលនេះ ដោយសេចក្ដីមេត្ដាករុណាដែលអ្នករាល់គ្នាបានទទួលនោះដែរ
32 ដ្បិតព្រះជាម្ចាស់បានបង្ខាំងមនុស្សទាំងអស់ទុកក្នុងសេចក្ដីមិនស្ដាប់បង្គាប់ ដើម្បីសំដែងសេចក្ដីមេត្ដាករុណាដល់ពួកគេគ្រប់គ្នា។
33 សេចក្ដីសប្បុរស ប្រាជ្ញា និងចំណេះរបស់ព្រះជាម្ចាស់បរិបូរ ជ្រាលជ្រៅណាស់! គ្មានអ្នកណាអាចពិពណ៌នាអំពីការជំនុំជម្រះរបស់ព្រះអង្គបានទេ ហើយក៏គ្មានអ្នកណាអាចយល់អំពីមាគ៌ារបស់ព្រះអង្គបានដែរ
34 តើមានអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ឬធ្លាប់ធ្វើជាអ្នកផ្ដល់យោបល់ដល់ព្រះអង្គដែរឬទេ?
35 តើមានអ្នកណាធ្លាប់ថ្វាយដល់ព្រះអង្គជាមុន ដើម្បីឲ្យព្រះអង្គតបស្នងដល់ខ្លួនវិញដែរឬទេ?
36 ដ្បិតអ្វីៗទាំងអស់កើតមកពីព្រះអង្គ ដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ សូមឲ្យព្រះអង្គប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។