1 បងប្អូនអើយ! ខ្ញុំសូមនិយាយទៅកាន់ពួកអ្នកស្គាល់ក្រឹត្យវិន័យ តើអ្នករាល់គ្នាមិនដឹងទេឬអីថា ក្រឹត្យវិន័យមានអំណាចលើមនុស្សម្នាក់ នៅពេលដែលគេមានជីវិតប៉ុណ្ណោះ?
2 គឺស្ដ្រីរៀបការហើយ ត្រូវនៅជាប់ជាមួយប្ដីដោយសារក្រឹត្យវិន័យ នៅពេលប្ដីនោះមានជីវិតនៅឡើយ តែបើប្ដីស្លាប់ នោះនាងបានរួចពីក្រឹត្យវិន័យស្ដីអំពីប្ដីនោះហើយ
3 ដូច្នេះ បើនាងទៅយកប្ដីម្នាក់ទៀត នៅពេលប្ដីនៅរស់នៅឡើយ នោះគេហៅនាងថាស្ដ្រីផិតក្បត់ ប៉ុន្ដែបើប្ដីស្លាប់ នោះនាងបានរួចពីក្រឹត្យវិន័យហើយ ដូច្នេះ ទោះបីនាងទៅយកប្ដីម្នាក់ទៀត ក៏នាងមិនមែនជាស្ដ្រីផិតក្បត់ដែរ។
4 ហេតុនេះបងប្អូនអើយ! អ្នករាល់គ្នាក៏បានស្លាប់ខាងឯគម្ពីរវិន័យតាមរយៈរូបកាយរបស់ព្រះគ្រិស្ដរួចហើយ គឺដើម្បីឲ្យអ្នករាល់គ្នាបានរួមជាមួយមនុស្សម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យយើងបង្កើតផលថ្វាយព្រះជាម្ចាស់
5 ព្រោះកាលយើងនៅខាងសាច់ឈាមនៅឡើយ ដោយសារគម្ពីរវិន័យ សេចក្ដីប៉ងប្រាថ្នារបស់បាបបានធ្វើសកម្មភាពក្នុងអវយវៈទាំងឡាយរបស់យើងឲ្យបង្កើតផលជាសេចក្ដីស្លាប់
6 ប៉ុន្ដែឥឡូវនេះ យើងបានរួចពីគម្ពីរវិន័យហើយ ទាំងបានស្លាប់ខាងឯសេចក្ដីដែលឃុំឃាំងយើងទុកដែរ ដើម្បីឲ្យយើងបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។
7 តើយើងនិយាយយ៉ាងដូចម្ដេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ ព្រោះបើគ្មានគម្ពីរវិន័យ នោះខ្ញុំក៏មិនស្គាល់បាបដែរ ដ្បិតបើក្រឹត្យវិន័យមិនបានចែងថា កុំលោភលន់ នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ជាអ្វីដែរ
8 ប៉ុន្ដែតាមរយៈបញ្ញត្ដិ បាបបានឆ្លៀតឱកាសឲ្យមានសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យទេ បាបក៏ស្លាប់ដែរ។
9 កាលគ្មានគម្ពីរវិន័យនៅឡើយ ខ្ញុំមានជីវិត ប៉ុន្ដែពេលមានបញ្ញត្ដិ នោះបាបបានរស់ឡើងវិញ រីឯខ្ញុំបានស្លាប់
10 ហើយខ្ញុំក៏យល់ឃើញថា បញ្ញត្ដិដែលនាំមកនូវជីវិត បែរជានាំមកនូវសេចក្ដីស្លាប់វិញ
11 ព្រោះបាបបានឆ្លៀតឱកាសបញ្ឆោតខ្ញុំតាមរយៈបញ្ញត្ដិ ហើយក៏សម្លាប់ខ្ញុំតាមរយៈបញ្ញត្ដិនោះ
12 ដូច្នេះ គម្ពីរវិន័យបរិសុទ្ធ រីឯបញ្ញត្ដិក៏បរិសុទ្ធ ល្អ និងសុចរិតដែរ។
13 តើសេចក្ដីល្អទាំងនេះធ្វើឲ្យខ្ញុំស្លាប់ឬ? មិនមែនដូច្នោះទេ! គឺបាបទេតើដែលធ្វើឲ្យខ្ញុំស្លាប់ដោយសារសេចក្ដីល្អទាំងនេះ ដើម្បីបង្ហាញថាបាបគឺជាបាប ហើយដោយសារបញ្ញត្ដិទាំងនេះ បាបបានត្រលប់ជាកាន់តែធ្ងន់ឡើងៗ។
14 ដ្បិតយើងដឹងថា គម្ពីរវិន័យត្រូវខាងវិញ្ញាណ រីឯខ្ញុំជាមនុស្សខាងសាច់ឈាមដែលត្រូវបានលក់ឲ្យនៅក្រោមអំណាចរបស់បាប
15 ហេតុនេះហើយ ខ្ញុំមិនយល់អំពីការប្រព្រឹត្ដិរបស់ខ្ញុំទេ ដ្បិតខ្ញុំមិនបានធ្វើអ្វីតាមដែលខ្ញុំចង់ធ្វើឡើយ បែរជាធ្វើអ្វីដែលខ្ញុំស្អប់ទៅវិញ
16 ដូច្នេះ បើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា គម្ពីរវិន័យល្អមែន
17 ព្រោះមិនមែនជាខ្ញុំទេដែលធ្វើកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំទេតើដែលធ្វើ។
18 ខ្ញុំដឹងថា គ្មានអ្វីល្អនៅក្នុងខ្ញុំទេ គឺនៅក្នុងសាច់ឈាមរបស់ខ្ញុំនេះ ព្រោះខ្ញុំមានបំណងចង់ធ្វើល្អ ប៉ុន្ដែធ្វើមិនបាន
19 ខ្ញុំមិនធ្វើកិច្ចការល្អដែលខ្ញុំចង់ធ្វើទេ ខ្ញុំបែរជាធ្វើកិច្ចការអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។
20 ដូច្នេះ បើខ្ញុំធ្វើកិច្ចការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនជាខ្ញុំទេដែលធ្វើកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំទេជាអ្នកធ្វើ។
21 ហេតុនេះ ខ្ញុំរកឃើញគោលការណ៍មួយ គឺនៅពេលខ្ញុំចង់ធ្វើការល្អ នោះសេចក្ដីអាក្រក់ក៏ចេះតែនៅជាមួយខ្ញុំជានិច្ច
22 ដ្បិតមនុស្សខាងក្នុងរបស់ខ្ញុំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់
23 ប៉ុន្ដែខ្ញុំឃើញគោលការណ៍មួយទៀតនៅក្នុងអវយវៈទាំងឡាយក្នុងរូបកាយរបស់ខ្ញុំដែលកំពុងច្បាំងទាស់នឹងគោលការណ៍នៃគំនិតរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំត្រលប់ជាឈ្លើយរបស់គោលការណ៍នៃបាបដែលមានក្នុងអវយវៈទាំងឡាយរបស់ខ្ញុំ។
24 ខ្ញុំជាមនុស្សវេទនាណាស់ តើអ្នកណាអាចជួយខ្ញុំឲ្យរួចពីរូបកាយនៃសេចក្ដីស្លាប់នេះបាន?
25 សូមអរព្រះគុណព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ដូច្នេះខាងគំនិតរបស់ខ្ញុំ ខ្ញុំបម្រើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឯខាងសាច់ឈាមរបស់ខ្ញុំ ខ្ញុំបម្រើគោលការណ៍របស់បាប។