1 មនុស្សគ្រប់គ្នាត្រូវចុះចូលនឹងរដ្ឋអំណាច ដ្បិតសិទ្ធិអំណាចទាំងនោះមកពីព្រះជាម្ចាស់ ហើយសិទ្ធិអំណាចដែលកំពុងមាននេះក៏ព្រះអង្គបានតែងតាំងដែរ
2 ដូច្នេះ អ្នកណាប្រឆាំងនឹងរដ្ឋអំណាច អ្នកនោះក៏ប្រឆាំងបញ្ញត្ដិរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកប្រឆាំងទាំងនោះនឹងនាំឲ្យខ្លួនឯងជាប់ទោស
3 ដ្បិតអ្នកធ្វើល្អមិនខ្លាចអ្នកគ្រប់គ្រងឡើយ ផ្ទុយទៅវិញ មានតែអ្នកធ្វើអាក្រក់ប៉ុណ្ណោះ ដូច្នេះ បើអ្នកមិនចង់ខ្លាចរដ្ឋអំណាចទេ ចូរធ្វើល្អចុះ នោះអ្នកគ្រប់គ្រងនឹងសរសើរអ្នកមិនខាន
4 ព្រោះគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់សម្រាប់ជាការល្អដល់អ្នក ប៉ុន្ដែបើអ្នកធ្វើអាក្រក់ ចូរភ័យខ្លាចចុះ ដ្បិតគេមិនមែនស្ពាយដាវឥតប្រយោជន៍ទេ គេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ហើយជាអ្នកតបស្នងតាមសេចក្ដីក្រោធដល់អស់អ្នកដែលធ្វើអាក្រក់
5 ដូច្នេះ ចូរចុះចូលចុះ មិនមែនដោយខ្លាចសេចក្ដីក្រោធប៉ុណ្ណោះទេ គឺដោយព្រោះមនសិការផង។
6 ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដារដែរ ព្រោះអ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលកំពុងបំពេញតួនាទីនេះ
7 ដូច្នេះ ចូរសងដល់អ្នកទាំងនោះ គឺចូរបង់ពន្ធដារ និងពន្ធអាករដល់ពួកអ្នកដែលអ្នករាល់គ្នាត្រូវបង់ ចូរកោតខ្លាចពួកអ្នកដែលអ្នករាល់គ្នាត្រូវកោតខ្លាច ហើយចូរគោរពពួកអ្នកដែលអ្នករាល់គ្នាត្រូវគោរព។
8 ចូរកុំជំពាក់អ្វីអ្នកណាឡើយ ជំពាក់តែសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមកបានហើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះបានសម្រេចតាមក្រឹត្យវិន័យហើយ
9 ព្រោះបញ្ញត្ដិដែលថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំលោភលន់ ព្រមទាំងបញ្ញត្ដិផ្សេងទៀតបើមាន គឺត្រូវបានសង្ខេបដូចនេះថា ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង។
10 សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រឡាញ់ជាការសម្រេចក្រឹត្យវិន័យ។
11 ចូរធ្វើដូច្នេះដោយដឹងពីពេលវេលាចុះថា ដល់ម៉ោងសម្រាប់អ្នករាល់គ្នាត្រូវភ្ញាក់ហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើងមកជិតបង្កើយជាងពេលដែលយើងទើបតែបានជឿ
12 ដ្បិតរាត្រីកាលជិតកន្លងផុតហើយ រីឯថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះចូរយើងបោះបង់ចោលអំពើនៃសេចក្ដីងងឹតទាំងឡាយ ហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។
13 ចូរយើងរស់នៅតាមបែបត្រឹមត្រូវប្រៀបដូចជាដើរនៅពេលថ្ងៃ គឺមិនប្រមឹក មិនស៊ីផឹកអ៊ូអែ មិនប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ល្មោភកាម ឈ្លោះប្រកែក ឬច្រណែនគ្នាឡើយ
14 គឺចូរប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ដវិញ ហើយកុំគិតតែបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។