រ៉ូម 2 KCB

1 ដូច្នេះ​ហើយ​ ឱ​អ្នក​គ្រប់​គ្នា​ដែល​ថ្កោល​ទោស​គេ​អើយ!​ អ្នក​គ្មាន​សេចក្ដី​ដោះសា​សម្រាប់​ខ្លួន​ទេ​ ដ្បិត​ពេល​អ្នក​ថ្កោល​ទោស​គេ​ អ្នក​ក៏​កំពុង​កាត់ទោស​ខ្លួន​ឯង​ដែរ​ ព្រោះ​អ្នក​ផ្ទាល់​ដែល​កំពុង​ថ្កោលទោស​គេ​ ក៏​ប្រព្រឹត្ត​ដូចគ្នា​ដែរ​

2 ហើយ​យើង​ដឹង​ថា​ ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បែប​នេះ​ទៅ​តាម​សេចក្ដី​ពិត។​

3 ឱ​មនុស្ស​ដែល​ថ្កោលទោស​ពួកអ្នក​ដែលបាន​ប្រព្រឹត្ត​ដូច្នេះ​ ហើយ​ខ្លួន​ឯង​ក៏​ប្រព្រឹត្ត​ដូចគ្នា​អើយ!​ តើ​អ្នក​ស្មាន​ថា​នឹង​រួច​ខ្លួន​ផុត​ពី​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ឬ?​

4 ឬ​មួយ​អ្នក​កំពុង​មើលងាយ​សេចក្ដី​សប្បុរស​ សេចក្ដី​អត់​អោន​ និង​សេចក្ដី​អត់ធ្មត់​ដ៏​បរិបូរ​របស់​ព្រះអង្គ​ ទាំង​មិន​ដឹង​ថា​ សេចក្ដី​សប្បុរស​របស់​ព្រះជាម្ចាស់​នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?​

5 ដោយសារ​អ្នក​មាន​ចិត្ដ​រឹងរូស​ មិន​ប្រែ​ចិត្ត​ នោះ​អ្នក​កំពុង​សន្សំ​សេចក្ដី​ក្រោធ​ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ក្រោធ​ និង​ការ​ជំនុំជម្រះដ៏​សុចរិត​

6 ដែល​ព្រះអង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​តាម​ការប្រព្រឹត្ដិ​របស់​គេ។​

7 ​រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ដោយ​មាន​ការ​ស៊ូទ្រាំ​ ទាំង​ស្វែង​រក​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​ភាព​មិន​ពុក​រលួយ​ នោះ​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច​

8 រីឯ​អស់​អ្នក​ដែល​មាន​ចិត្ដ​អាត្មា​និយម​ មិន​ស្ដាប់​តាម​សេចក្ដី​ពិត​ តែ​បែរ​ជា​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​ នោះ​នឹង​បាន​សេចក្ដី​ក្រោធ​ និង​ការ​ដាក់ទោស​វិញ។​

9 គ្រប់​ព្រលឹង​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ នឹង​មាន​សេចក្ដី​វេទនា​ និង​សេចក្ដី​ទុក្ខព្រួយ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់មក​ជនជាតិ​ក្រេក​

10 ប៉ុន្ដែ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ នោះ​នឹង​បាន​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​សេចក្ដី​សុខសាន្ដ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់មក​ជនជាតិ​ក្រេក។​

11 ដ្បិត​ព្រះជាម្ចាស់​មិន​មាន​សេចក្ដី​លំអៀង​ឡើយ‍។​

12 ចំពោះ​អស់​អ្នក​ដែល​គ្មាន​គម្ពីរ​វិន័យ​ធ្វើ​បាប​ នោះ​នឹង​ត្រូវ​វិនាស​ដោយ​គ្មាន​គម្ពីរ​វិន័យ​ដែរ​ រីឯ​អស់​អ្នក​ដែល​នៅ​ក្រោម​គម្ពីរ​វិន័យ​ធ្វើ​បាប​ នោះ​នឹង​ត្រូវ​ជំនុំជម្រះ​តាម​គម្ពីរ​វិន័យ​ដែរ​

13 ដ្បិត​អ្នក​ដែល​ព្រះជាម្ចាស់​រាប់ជា​សុចរិត​ មិន​មែន​ជា​អ្នក​ឮ​គម្ពីរ​វិន័យ​ទេ​ តែ​ជា​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​វិញ។​

14 នៅ​ពេល​សាសន៍​ដទៃ​ដែល​គ្មាន​គម្ពីរ​វិន័យ​បាន​ធ្វើ​តាម​សេចក្ដី​នៅ​ក្នុង​ក្រឹត្យវិន័យ​ដោយ​ឯក​ឯង​ នោះ​គេ​ជា​ក្រឹត្យវិន័យ​សម្រាប់​ខ្លួនគេ​ហើយ​ ទោះបី​គ្មាន​គម្ពីរ​វិន័យ​ក៏​ដោយ​

15 ព្រោះ​គេ​បាន​បង្ហាញ​ពី​កិច្ចការ​របស់​គម្ពីរ​វិន័យ​ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ចិត្ដ​របស់​គេ​ ហើយ​មនសិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​នៅ​ក្នុង​ចិត្ដ​ ទាំង​មាន​ការ​ចោទ​ប្រកាន់​ ឬ​ដោះសា​នៅ​ក្នុង​គំនិត​របស់​គេ​

16 នៅ​ថ្ងៃ​មួយ​ ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​សេចក្ដី​លាក់កំបាំង​ទាំងឡាយ​របស់​មនុស្ស​ តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​ស្រប​តាម​ដំណឹង​ល្អ​របស់​ខ្ញុំ។​

17 បើ​អ្នក​មាន​ឈ្មោះ​ជា​ជនជាតិ​យូដា​ ដែល​ពឹង​លើ​គម្ពីរ​វិន័យ​ អួត​អំពី​ព្រះជាម្ចាស់​

18 ស្គាល់​បំណង​របស់​ព្រះជាម្ចាស់​ ដឹង​ការ​ខុស​ត្រូវ​ដោយ​បាន​រៀន​ពី​គម្ពីរ​វិន័យ​

19 ហើយ​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ ជា​ពន្លឺ​សម្រាប់​អ្នក​នៅ​ក្នុង​សេចក្ដី​ងងឹត​

20 ជា​អ្នក​ទូន្មាន​មនុស្ស​ល្ងង់​ ហើយ​ជា​គ្រូ​របស់​ក្មេងៗ​ ដោយ​ព្រោះ​អ្នក​មាន​ចំណេះ​ដឹង​គ្រប់​វិស័យ​ និង​សេចក្ដី​ពិត​នៅ​ក្នុង​គម្ពីរ​វិន័យ។​

21 អ្នក​បង្រៀន​អ្នក​ដទៃបាន​ ហេតុអ្វី​ក៏​មិន​បង្រៀន​ខ្លួន​ឯង​ផង?​ អ្នក​ប្រកាស​ប្រាប់​គេ​មិន​ឲ្យ​លួច​ ហេតុអ្វី​ក៏​អ្នក​លួច?​

22 អ្នក​ប្រាប់​គេ​មិន​ឲ្យ​ផិត​ក្បត់​ ហេតុអ្វី​ក៏​អ្នក​ផិត​ក្បត់?​ អ្នក​ស្អប់​ខ្ពើម​រូប​ព្រះ​ ហេតុអ្វី​ក៏​អ្នក​ប្លន់​ព្រះវិហារ?​

23 អ្នក​អួត​អំពី​គម្ពីរ​វិន័យ​ ហេតុអ្វី​ក៏​អ្នក​បង្អាប់​ព្រះជាម្ចាស់​ដោយ​ល្មើស​នឹង​គម្ពីរ​វិន័យ‍?​

24 ដូច​មាន​សេចក្ដី​ចែង​ទុក​ស្រាប់​គឺ​ «ព្រះនាម​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រមាថ​នៅ​ក្នុង​ចំណោម​ជនជាតិ​នានា​ ដោយ​ព្រោះ​អ្នក​រាល់គ្នា»។​

25 ការ​កាត់ស្បែក​ពិត​ជា​មាន​ប្រយោជន៍​ បើ​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​ ប៉ុន្ដែ​បើ​អ្នក​ល្មើស​គម្ពីរ​វិន័យ​វិញ​ ការ​កាត់ស្បែក​របស់​អ្នក​ក្លាយ​ដូចជា​មិន​កាត់ស្បែក​

26 ផ្ទុយ​ទៅ​វិញ​ បើ​មនុស្ស​មិន​កាត់ស្បែក​កាន់​តាម​បញ្ញត្ដិ​របស់​គម្ពីរ​វិន័យ​ តើ​ការ​មិន​កាត់ស្បែក​របស់​គេ​មិន​ចាត់​ទុក​ជា​ការ​កាត់ស្បែក​ទេ​ឬ?​

27 ឯ​អ្នក​មិន​កាត់ស្បែក​ខាង​រូបកាយ​ ហើយ​ធ្វើ​តាម​គម្ពីរ​វិន័យ​ គេ​នឹង​ជំនុំជម្រះ​អ្នក​ដែល​មាន​គម្ពីរ​វិន័យ​សរសេរ​ទុក​ និង​ការ​កាត់ស្បែក​ ហើយ​នៅ​តែ​ល្មើស​នឹង​គម្ពីរ​វិន័យ។​

28 ​ជនជាតិ​យូដា​មិន​សំដៅ​លើ​អាការៈ​ខាង​ក្រៅ​ទេ​ ហើយ​ការ​កាត់ស្បែក​ ក៏​មិន​សំដៅ​លើ​សាច់ឈាម​ខាង​ក្រៅ​ដែរ​

29 ផ្ទុយ​ទៅ​វិញ​ ជនជាតិ​យូដា​ពិត​ប្រាកដ​គឺ​ខាង​ក្នុង​ចិត្ដ​ឯណោះ​វិញ​ ហើយ​ការ​កាត់ស្បែក​ពិត​ប្រាកដ​ ‍ជា​ការ​កាត់ស្បែក​ចិត្ដ​ដោយសារ​ព្រះវិញ្ញាណ​ មិន​មែន​ដោយសារ​អក្សរ​ទេ​ ឯ​ការ​សរសើរ​របស់​គេ​មិន​មកពី​មនុស្ស​ឡើយ​ គឺ​មកពី​ព្រះជាម្ចាស់។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16