24 ផ្ទុយទៅវិញ បើអ្នកទាំងអស់គ្នាថ្លែងព្រះបន្ទូល ហើយមានអ្នកមិនជឿ ឬអ្នកមិនដែលដឹងមួយចំនួនចូលមក នោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យគេដឹងកំហុស ហើយអ្នកទាំងអស់គ្នាក៏វិនិច្ឆ័យគេដែរ
25 នោះអាថ៌កំបាំងក្នុងចិត្តរបស់គេនឹងបង្ហាញចេញមក គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន!
26 ដូច្នេះតើធ្វើដូចម្ដេច? បងប្អូនអើយ! នៅពេលអ្នករាល់គ្នាជួបជុំគ្នា គឺម្នាក់មានចម្រៀងសរសើរតម្កើង ម្នាក់មានសេចក្ដីបង្រៀន ម្នាក់មានការបើកសំដែង ម្នាក់មានភាសាចម្លែកអស្ចារ្យ ហើយម្នាក់មានការបកប្រែ ចូរធ្វើការទាំងអស់សម្រាប់ការស្អាងចិត្ដចុះ។
27 បើមានអ្នកណានិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យមានពីរនាក់ ឬបីនាក់យ៉ាងច្រើន ហើយត្រូវនិយាយម្នាក់ម្ដងៗ និងចូរឲ្យមានម្នាក់បកប្រែផង
28 ប៉ុន្ដែបើគ្មានអ្នកបកប្រែទេ ចូរឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះ ហើយឲ្យគេនិយាយទៅកាន់ខ្លួនឯង និងទៅកាន់ព្រះជាម្ចាស់ចុះ
29 រីឯអ្នកនាំព្រះបន្ទូលវិញ ចូរឲ្យមានពីរនាក់ ឬបីនាក់និយាយ ហើយចូរឲ្យអ្នកផ្សេងទៀតពិចារណាចុះ
30 ប៉ុន្ដែបើម្នាក់ទៀតដែលកំពុងអង្គុយបានទទួលការបើកសំដែងដែរ ចូរឲ្យអ្នកទីមួយនៅស្ងៀមចុះ