18 បើដូច្នេះមែន ពួកអ្នកដែលបានស្លាប់នៅក្នុងព្រះគ្រិស្ដក៏វិនាសដែរ។
19 ប្រសិនបើយើងសង្ឃឹមលើព្រះគ្រិស្ដ តែនៅក្នុងជីវិតនេះ នោះយើងវេទនាជាងមនុស្សទាំងអស់ទៅទៀត
20 ប៉ុន្ដែឥឡូវនេះ ព្រះគ្រិស្ដមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញមែន គឺជាផលដំបូងនៃពួកអ្នកដែលបានស្លាប់ទៅ
21 ដ្បិតសេចក្ដីស្លាប់បានចូលមកតាមរយៈមនុស្សម្នាក់ នោះការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏បានចូលមកតាមរយៈមនុស្សម្នាក់ដែរ។
22 ដ្បិតមនុស្សទាំងអស់បានស្លាប់ដោយសារលោកអ័ដាមជាយ៉ាងណា នោះមនុស្សទាំងអស់ក៏នឹងត្រូវប្រោសឲ្យមានជីវិតរស់ដោយសារព្រះគ្រិស្ដជាយ៉ាងនោះដែរ។
23 ប៉ុន្ដែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រិស្ដជាផលដំបូង បន្ទាប់មក គឺពួកអ្នកដែលជារបស់ព្រះគ្រិស្ដ នៅពេលព្រះអង្គយាងមក
24 ក្រោយពីព្រះអង្គបំផ្លាញអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច ព្រមទាំងអំណាចទាំងឡាយរួចហើយ ព្រះអង្គថ្វាយនគរដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា រួចក៏ដល់ទីបញ្ចប់