១ កូរិនថូស 15:29-35 KCB

29 បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​ទេ​ តើ​ពួកអ្នក​ដែល​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​នាម​ជា​មនុស្ស​ស្លាប់​ ​ធ្វើ​អ្វី?​ ហេតុអ្វី​បាន​ជា​ពួកគេ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​នាម​ជា​មនុស្ស​ស្លាប់‍​ដូច្នេះ?​

30 ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ប្រថុយ​នឹង​គ្រោះថ្នាក់​គ្រប់​ពេល​វេលា​ដូច្នេះ?​

31 បងប្អូន​អើយ!​ ដោយសារ​មោទនៈភាព​ដែល​ខ្ញុំ​មាន​ដោយសារ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សូម​ស្បថ​ថា​ ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។​

32 បើ​ខ្ញុំ​ប្រយុទ្ធ​ជាមួយ​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូរ​ក្នុង​នាម​ជា​មនុស្ស​សាមញ្ញ​ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ‍?​ បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ​ ចូរ​យើង​ស៊ី​ផឹក​ទៅ​ ព្រោះ​ថ្ងៃ​ស្អែក​យើង​នឹង​ស្លាប់‍។​

33 កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ដ្បិត​ការ​សេពគប់​មនុស្ស​អាក្រក់​បំផ្លាញ​កិរិយា​ល្អ។​

34 ចូរ​ភ្ញាក់​ស្មារតី​ឡើង​ដោយ​រស់នៅ​យ៉ាង​សុចរិត​ចុះ​ កុំ​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ខ្ញុំ​និយាយ​ដូច្នេះដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ខ្មាស។​

35 ប៉ុន្ដែ​មុខជា​មាន​អ្នក​ខ្លះ​សួរ​ថា​ តើ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​យ៉ាង​ដូចម្ដេច?​ ពេល​ពួកគេ​រស់​ឡើង​វិញ​ តើ​មាន​រូបកាយ​យ៉ាង​ដូចម្ដេច​ដែរ?​