1 បងប្អូនអើយ! ខ្ញុំមិនអាចនិយាយទៅកាន់អ្នករាល់គ្នាដូចជាមនុស្សខាងវិញ្ញាណបានទេ ប៉ុន្ដែត្រូវនិយាយដូចជាមនុស្សខាងសាច់ឈាមវិញ គឺដូចជានិយាយទៅកាន់ទារកនៅក្នុងព្រះគ្រិស្ដ
2 ខ្ញុំបានឲ្យទឹកដោះអ្នករាល់គ្នាផឹក មិនមែនអាហាររឹងទេ ដ្បិតអ្នករាល់គ្នាមិនទាន់អាចបរិភោគបានឡើយ ហើយឥឡូវនេះក៏នៅតែមិនអាចដែរ
3 ដ្បិតអ្នករាល់គ្នានៅតែជាមនុស្សខាងសាច់ឈាម ព្រោះមានសេចក្ដីច្រណែន និងការឈ្លោះប្រកែកនៅក្នុងចំណោមអ្នករាល់គ្នា។ តើអ្នករាល់គ្នាមិនមែនជាមនុស្សខាងសាច់ឈាម ហើយរស់នៅតាមបែបមនុស្សទេឬ?
4 ដ្បិតពេលម្នាក់និយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ហើយម្នាក់ទៀតថា ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស តើអ្នករាល់គ្នាមិនមែនជាមនុស្សទេឬ?