១ កូរិនថូស 3:10-16 KCB

10 ស្រប​តាម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ខ្ញុំ​បាន​ចាក់​គ្រឹះ​ដូចជា​ជាង​ដ៏​ចំណាន​ម្នាក់​ ហើយ​មាន​អ្នក​ផ្សេង​ទៀត​សង់​ពី​លើ​នោះ​ ប៉ុន្ដែ​ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​លើ​គ្រឹះ​នោះ​

11 ដ្បិត​គ្មាន​អ្នកណា​ម្នាក់​អាច​ចាក់​គ្រឹះ​ផ្សេង​ទៀត​បាន​ទេ​ ក្រៅពី​គ្រឹះ​ដែល​បាន​ចាក់​រួច​ហើយ​ ​គឺជា​ព្រះយេស៊ូ​គ្រិស្ដ។​

12 បើ​អ្នកណា​ម្នាក់​យក​មាស​ ប្រាក់​ ត្បូង​ដ៏​មាន​តម្លៃ​ ឈើ​ ចំបើង​ ឬ​ស្បូវ​ មក​សង់​លើ​គ្រឹះ​នោះ​

13 កិច្ចការ​របស់​គេ​ម្នាក់ៗ‍​នឹង​បង្ហាញ​ឲ្យ​ឃើញ​ ដ្បិត​នឹង​ធ្វើ​ឲ្យ​ដឹង​ច្បាស់​នៅ​ថ្ងៃ​ចុង​ក្រោយ​ ពីព្រោះ​កិច្ចការ​នោះ​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ភ្លើង​ គឺ​ភ្លើង​នឹង​ពិសោធ​កិច្ចការ​របស់​គេ​ម្នាក់ៗ​ឲ្យ​ឃើញ​ជា​យ៉ាង​ណា​

14 បើ​កិច្ចការ​របស់​អ្នកណា​ម្នាក់​ដែល​បាន​សង់​លើ​គ្រឹះ​ នៅ​ស្ថិតស្ថេរ​ អ្នក​នោះ​នឹង​ទទួល​បាន​រង្វាន់​

15 បើ​កិច្ចការ​របស់​អ្នកណា​ម្នាក់​ត្រូវ​ឆេះ​អស់​ អ្នក​នោះ​នឹង​ត្រូវ​ខាតបង់​វិញ​ ប៉ុន្ដែ​ខ្លួន​គាត់​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដូចជា​ទើប​ឆ្លង​កាត់​ភ្លើង​ដូច្នេះ​ដែរ​

16 តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ អ្នក​រាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា?​