23 កងពលរបស់កុលសម្ព័ន្ធម៉ាណាសេ ដឹកនាំដោយលោកកាម៉ាលាល ជាកូនរបស់លោកផ្ដាស៊ើរ
24 និងកងពលរបស់កុលសម្ព័ន្ធបេនយ៉ាមីន ដឹកនាំដោយលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី។
25 ក្រោយគេបង្អស់ ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ
26 កងពលរបស់កុលសម្ព័ន្ធអេស៊ើរ ដឹកនាំដោយលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន
27 និងកងពលរបស់កុលសម្ព័ន្ធណែបថាលី ដឹកនាំដោយលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់។
28 ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរជាក្បួនទ័ពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។
29 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់លោកថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់សន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្ដល់ឲ្យបងមានសុភមង្គល ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យជនជាតិអ៊ីស្រាអែល»។