ជន‌គណនា 30 KHSV

ក្រឹត្យ‌វិន័យ​ស្ដី​អំពី​បំណន់

1 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​នានា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់​បង្គាប់​មក​ដូច​ត​ទៅ:

2 ពេល​អ្នក​ណា​ម្នាក់​បន់​ព្រះ‌អម្ចាស់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ អ្នក​នោះ​ត្រូវ​តែ​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន គឺ​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ។

3 ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​បន់​ព្រះ‌អម្ចាស់ ឬ​សន្យា​អំពី​រឿង​អ្វី​មួយ ក្នុង​គ្រា​ដែល​នាង​នៅ​ក្មេង ហើយ​រស់​នៅ​ជា​មួយ​ឪពុក​របស់​ខ្លួន

4 ប្រសិន​បើ​ឪពុក​របស់​នាង​បាន​ដឹង​ពី​បំណន់​នេះ តែ​គាត់​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់។

5 ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ឪពុក​នាង​បាន​ដឹង ហើយ​ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នាង​នឹង​មិន​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់​នោះ​ឡើយ។

6 ប្រសិន​បើ​នាង​រៀប‌ការ ក្រោយ​ពេល​នាង​បាន​បន់ និង​ជំពាក់​បំណន់​នោះ

7 ហើយ​នៅ​ថ្ងៃ​ដែល​ប្ដី​នាង​ដឹង តែ​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ដែល​ខ្លួន​បាន​បន់។

8 ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ប្ដី​នាង​បាន​ដឹង ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នោះ​គាត់​អាច​ចាត់​ទុក​បំណន់​ដែល​នាង​បាន​បន់ ជា​អសារ‌បង់ ហើយ​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ឡើយ។

9 រីឯ​ស្ត្រី​មេ​ម៉ាយ​ប្ដី​ស្លាប់ ឬ​ស្ត្រី​មេ​ម៉ាយ​ប្ដី​លែង​វិញ បើ​នាង​បន់​អំពី​រឿង​អ្វី​មួយ នាង​នឹង​ជំពាក់​បំណន់​នោះ។

10 រីឯ​ស្ត្រី​ដែល​រស់​នៅ​ជា​មួយ​ប្ដី​បន់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ

11 ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។

12 ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​ដឹង ប្រសិន​បើ​គាត់​ជំទាស់ នោះ​នាង​នឹង​មិន​ជំពាក់​បំណន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ និង​ស្បថ​ឡើយ។ ដោយ​ប្ដី​ចាត់​ទុក​បំណន់ និង​សម្បថ​របស់​នាង​ជា​អសារ‌បង់ ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ទេ។

13 ប្ដី​របស់​នាង​អាច​រក្សា​ទុក ឬ​ចាត់​ទុក​ជា​អសារ‌បង់​នូវ​បំណន់​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់ និង​សម្បថ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ស្បថ​ថា តម​ធ្វើ​ការ​អ្វី​មួយ។

14 នៅ​ថ្ងៃ​ដែល​ប្ដី​បាន​ឮ​ដំណឹង ប្រសិន​បើ​គាត់​នៅ​ស្ងៀម​រហូត​ដល់​ថ្ងៃ​បន្ទាប់ បាន​សេចក្ដី​ថា​គាត់​រក្សា​ទុក​គ្រប់​បំណន់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​សន្យា។ ដោយ​គាត់​នៅ​ស្ងៀម​ក្នុង​ថ្ងៃ​ដែល​គាត់​ឮ​ដំណឹង បាន​សេចក្ដី​ថា​គាត់​យល់​ស្រប។

15 មួយ​ថ្ងៃ​ក្រោយ​បាន​ដឹង​ដំណឹង ប្រសិន​បើ​ប្ដី​ចាត់​ទុក​បំណន់​របស់​នាង​ជា​អសារ‌បង់ គាត់​ត្រូវ​ទទួល​ទោស​ជំនួស​ប្រពន្ធ»។

16 នេះ​ជា​ច្បាប់​ដែល​ព្រះ‌អម្ចាស់​ប្រគល់​មក​លោក​ម៉ូសេ ស្ដី​អំពី​ទំនាក់‌ទំនង​រវាង​ប្ដី និង​ប្រពន្ធ រវាង​ឪពុក និង​កូន​ស្រី​មិន​ទាន់​រៀប‌ការ ដែល​រស់​នៅ​ជា​មួយ​ឪពុក​នៅ​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36