ជន‌គណនា 17 KHSV

ដំបង​របស់​លោក​អើរ៉ុន

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ យក​ដំបង​ម្នាក់​មួយៗ​មក​ឲ្យ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។

3 ចូរ​ចារ​ឈ្មោះ​អើរ៉ុន​លើ​ដំបង​របស់​កុល‌សម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​មាន​ដំបង​មួយ។

4 ចូរ​ដាក់​ដំបង​ទាំង​នោះ​នៅ​ពី​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​អ្នក​រាល់​គ្នា។

5 ដំបង​របស់​អ្នក​ណា​ចេញ​ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នឹង​បញ្ឈប់​ជន‌ជាតិ​អ៊ីស្រា‌អែល លែង​ឲ្យ​រអ៊ូ‌រទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។

6 លោក​ម៉ូសេ​នាំ​ព្រះ‌បន្ទូល​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ក៏​នាំ​គ្នា​យក​ដំបង​ម្នាក់​មួយៗ​មក​ជូន​លោក គឺ​មាន​ដំបង​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ដំបង​របស់​លោក​អើរ៉ុន​ស្ថិត​នៅ​កណ្ដាល​ដំបង​របស់​ពួក​គេ។

7 លោក​ម៉ូសេ​បាន​ដាក់​ដំបង​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា។

8 នៅ​ថ្ងៃ​បន្ទាប់ ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា លោក​ឃើញ​ដំបង​របស់​លោក​អើរ៉ុន ដែល​ជា​តំណាង​កុល‌សម្ព័ន្ធ​លេវី មាន​ពន្លក ចេញ​ផ្កា ហើយ​មាន​ទាំង​ផ្លែ​ទៀត​ផង។

9 លោក​ម៉ូសេ​យក​ដំបង​ទាំង​នោះ​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ទៅ​បង្ហាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​គេ​យក​ដំបង​របស់​ខ្លួន​វិញ។

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង​របស់​អើរ៉ុន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រក្សា​ទុក​ជា​ទី​សម្គាល់​ព្រមាន​ពួក​បះ‌បោរ ដើម្បី​បញ្ឈប់​ពួក​គេ​ឲ្យ​លែង​រអ៊ូ‌រទាំ ហើយ​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់»។

11 លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។

12 ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​មុខ​ជា​ផុត​ដង្ហើម វិនាស​សូន្យ​ទាំង​អស់​គ្នា​មិន​ខាន!

13 ដ្បិត​អ្នក​ដែល​ចូល​ជិត​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ នឹង​ត្រូវ​ស្លាប់។ តើ​យើង​ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ឬ?»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36