ជន‌គណនា 10 KHSV

ត្រែ​ធ្វើ​អំពី​ប្រាក់

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «ចូរ​ធ្វើ​ត្រែ​ពីរ​អំពី​ប្រាក់​ដែល​មាន​ក្បាច់​រចនា។ ត្រែ​ទាំង​ពីរ​នេះ​ប្រើ​សម្រាប់​កោះ​ហៅ​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា និង​ប្រកាស​រើ​ជំរំ​ចេញ​ដំណើរ។

3 ពេល​ណា​គេ​ផ្លុំ​ត្រែ សហគមន៍​ទាំង​មូល​ត្រូវ​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​អ្នក ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

4 ប្រសិន​បើ​គេ​ផ្លុំ​ត្រែ​មួយ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​អ្នក។

5 ពេល​ណា​អ្នក​រាល់​គ្នា​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​កើត ត្រូវ​នាំ​គ្នា​ចេញ​ដំណើរ។

6 ពេល​ណា​អ្នក​រាល់​គ្នា​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់​លើក​ទី​ពីរ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​ត្បូង​ត្រូវ​នាំ​គ្នា​ចេញ​ដំណើរ។ ត្រូវ​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់​ជា​សញ្ញា​ចេញ​ដំណើរ។

7 នៅ​ពេល​ប្រមូល​ផ្ដុំ​អង្គ​ប្រជុំ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ផ្លុំ​ត្រែ​ដែរ តែ​ផ្លុំ​យ៉ាង​វែង។

8 ពួក​បូជា‌ចារ្យ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​ផ្លុំ​ត្រែ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។

9 ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នៅ​ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​បច្ចា‌មិត្ត​ដែល​មក​ឈ្លាន‌ពាន​អ្នក​រាល់​គ្នា ត្រូវ​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់ ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា ហើយ​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ។

10 នៅ​ថ្ងៃ​អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ បុណ្យ​ដ៏​សំខាន់ៗ និង​បុណ្យ​ចូល​ខែ​ថ្មី នោះ​ត្រូវ​ផ្លុំ​ត្រែ​នៅ​ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ដើម្បី​ឲ្យ​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ ឆ្ពោះ​ទៅ​ព្រំ‌ប្រទល់​ស្រុក​ម៉ូអាប់

ការ​ចេញ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ

11 នៅ​ឆ្នាំ​ទី​ពីរ ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ ពពក*​បាន​អណ្ដែត​ឡើង​ពី​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។

12 ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់‌លំដោយ ដែល​កំណត់​ទុក​ស្ដី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។

13 ពួក​គេ​ចេញ​ដំណើរ​ជា​លើក​ទី​មួយ​នេះ តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

14 ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់

15 កង‌ពល​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដឹក​នាំ​ដោយ​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ

16 និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដឹក​នាំ​ដោយ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។

17 គេ​បាន​រើ​ព្រះ‌ពន្លា ហើយ​កូន​ចៅ​គើសុន និង​កូន​ចៅ​ម៉្រារី នាំ​គ្នា​សែង​ព្រះ‌ពន្លា​នោះ​ចេញ​ដំណើរ​ទៅ។

18 បន្ទាប់​មក ទង់​សញ្ញា​នៃ​ជំរំ​រូបេន​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​រូបេន ដឹក​នាំ​ដោយ​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ

19 កង‌ពល​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ដឹក​នាំ​ដោយ​លោក​ស៊្លូ‌មាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ

20 និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​កាដ ដឹក​នាំ​ដោយ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេអ៊ូ‌អែល។

21 បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ ទាំង​សែង​ទី‌សក្ការៈ​ទៅ​ជា​មួយ​ផង។ ពួក​លេវី​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​ពួក​គេ​ទៅ​ដល់។

22 បន្ទាប់​មក​ទៀត ទង់​សញ្ញា​នៃ​ជំរំ​អេប្រាអ៊ីម​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​អេប្រាអ៊ីម ដឹក​នាំ​ដោយ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ

23 កង‌ពល​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដឹក​នាំ​ដោយ​លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ

24 និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដឹក​នាំ​ដោយ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនី។

25 ក្រោយ​គេ​បង្អស់ ទង់​សញ្ញា​នៃ​ជំរំ​ដាន់​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​ដាន់ ដឹក​នាំ​ដោយ​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ

26 កង‌ពល​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ដឹក​នាំ​ដោយ​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន

27 និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ដឹក​នាំ​ដោយ​លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន់។

28 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ​ជា​ក្បួន​ទ័ព​របស់​គេ តាម​លំដាប់‌លំដោយ​បែប​នេះ​ឯង។

29 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហូបាប់ ជា​កូន​របស់​លោក​រេហួល ជន‌ជាតិ​ម៉ាឌាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ថា៖ «ពួក​យើង​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​សន្យា​ប្រទាន​ឲ្យ​ពួក​យើង។ ដូច្នេះ សូម​បង​អញ្ជើញ​ទៅ​ជា​មួយ​ពួក​យើង​ទៅ ពួក​យើង​នឹង​ផ្ដល់​ឲ្យ​បង​មាន​សុភមង្គល ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

30 លោក​ហូបាប់​តប​ថា៖ «ខ្ញុំ​មិន​ទៅ​ទេ គឺ​ខ្ញុំ​ទៅ​ស្រុក​របស់​ខ្ញុំ ជួប‌ជុំ​នឹង​ក្រុម​ញាតិ​របស់​ខ្ញុំ​វិញ»។

31 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «សូម​កុំ​បោះ​បង់​ចោល​ពួក​យើង​ឡើយ ដ្បិត​បង​ស្គាល់​កន្លែង​ដែល​យើង​អាច​បោះ​ជំរំ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​បង​នឹង​នាំ​ផ្លូវ​ពួក​យើង។

32 ប្រសិន​បើ​បង​ទៅ​ជា​មួយ​ពួក​យើង នោះ​ពួក​យើង​នឹង​ឲ្យ​បង​បាន​សប្បាយ​រួម​ជា​មួយ​ពួក​យើង នៅ​ពេល​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌ពរ​មក​ពួក​យើង»។

33 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក​ចេញ​ពី​ភ្នំ​របស់​ព្រះ‌អម្ចាស់ ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​ពេល​ធ្វើ​ដំណើរ​បី​ថ្ងៃ​នោះ គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៅ​ខាង​មុខ ដើម្បី​ស្វែង​រក​កន្លែង​ស្រួល​ឈប់​សម្រាក។

34 ពេល​ពួក​គេ​រើ​ជំរំ​ចេញ​ដំណើរ ពពក​របស់​ព្រះ‌អម្ចាស់​ស្ថិត​ពី​លើ​ពួក​គេ នៅ​ពេល​ថ្ងៃ។

35 ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចេញ​ដំណើរ លោក​ម៉ូសេ​បន្លឺ​សំឡេង​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ ត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ!»។

36 ពេល​គេ​ដាក់​ហិប​ចុះ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​គង់​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​យ៉ាង​ច្រើន​អនេក‌អនន្ត»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36