23 ព្រះអម្ចាស់តបមកលោកម៉ូសេវិញថា៖ «តើដៃរបស់យើងខ្លីពេក មិនអាចធ្វើអ្វីកើតឬ? បន្តិចទៀត អ្នកនឹងឃើញថា ពាក្យដែលយើងនិយាយសម្រេច ឬក៏មិនសម្រេច»។
24 លោកម៉ូសេចាកចេញពីព្រះពន្លា ហើយនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ លោកប្រមូលព្រឹទ្ធាចារ្យចិតសិបរូបពីក្នុងចំណោមប្រជាជន ហើយនាំមកឈរនៅជុំវិញពន្លា។
25 ព្រះអម្ចាស់យាងចុះមកក្នុងពពក រួចសន្ទនាជាមួយលោក។ ព្រះអង្គយកវិញ្ញាណមួយចំណែកពីលោក ប្រគល់ទៅឲ្យព្រឹទ្ធាចារ្យទាំងចិតសិបរូប។ ពេលព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្ដើមថ្លែងព្រះបន្ទូល តែថ្លែងមិនយូរទេ។
26 មានព្រឹទ្ធាចារ្យពីររូប ម្នាក់ឈ្មោះអែលដាដ និងម្នាក់ទៀតឈ្មោះមីដាដ ស្ថិតនៅក្នុងជំរំ ហើយព្រះវិញ្ញាណក៏បានគង់ជាមួយលោកទាំងពីរដែរ។ លោកទាំងពីរមានឈ្មោះក្នុងបញ្ជីព្រឹទ្ធាចារ្យ តែពុំបានទៅពន្លាជួបព្រះអម្ចាស់ទេ លោកទាំងពីរនាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។
27 យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេថា៖ «លោកអែលដាដ និងមីដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុងជំរំ»។
28 ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់លោកម៉ូសេ តាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់ សូមឃាត់លោកទាំងពីរទៅ!»។
29 លោកម៉ូសេតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នា។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។