ជន‌គណនា 12:7-13 KHSV

7 ចំណែក​ឯ​ម៉ូសេ ដែល​ជា​អ្នក​បម្រើ​របស់​យើង​វិញ មិន​ដូច្នោះ​ទេ ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​របស់​យើង​ទាំង​មូល។

8 យើង​និយាយ​ទៅ​កាន់​ម៉ូសេ ដោយ​ផ្ទាល់​មាត់ យើង​សម្តែង​ឲ្យ​ម៉ូសេ​ឃើញ ដោយ​ឥត​ប្រើ​ប្រស្នា ហើយ​ម៉ូសេ​អាច​សម្លឹង​មើល​មក​យើង​បាន។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​មិន​កោត​ក្រែង និយាយ​ប្រឆាំង​នឹង​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ?»។

9 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​អ្នក​ទាំង​ពីរ ហើយ​ព្រះ‌អង្គ​ក៏​យាង​ចាក​ចេញ​ទៅ។

10 ពពក*​ក៏​រសាត់​ឡើង​ចាក​ចេញ​ពី​ពន្លា​ដែរ។ ពេល​នោះ អ្នក​ស្រី​ម៉ារាម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ លោក​អើរ៉ុន​បែរ​ទៅ​រក​អ្នក​ស្រី​ម៉ារាម ឃើញ​គាត់​កើត​ឃ្លង់។

11 លោក​ក៏​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​ប្អូន​ជា​ម្ចាស់ មេត្តា​យល់​អធ្យាស្រ័យ​ដល់​យើង​ទាំង​ពីរ​ផង។ យើង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​លេលា និង​បាន​ប្រព្រឹត្ត​អំពើ​បាប!

12 សូម​កុំ​ឲ្យ​ម៉ារាម​ដូច​កូន​ដែល​កើត​មក​ស្លាប់ មាន​ស្បែក​រយីក‌រយាក​ដូច្នេះ​ឡើយ!»។

13 លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​បង​ម៉ារាម​ឲ្យ​ជា​ឡើង​វិញ​ផង!»។