20 ចំណែកឯទឹកដីវិញ តើមានជីជាតិល្អ ឬក៏ជាដីគ្មានជីជាតិ តើមានដើមឈើ ឬគ្មាន។ ចូរមានចិត្តក្លាហានឡើង ហើយនាំយកផ្លែឈើពីស្រុកនោះមកជាមួយផង»។ ពេលនោះ ជារដូវផ្លែទំពាំងបាយជូរទុំ។
21 ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុក ចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។
22 ពួកគេឡើងទៅតំបន់ណេកិប ហើយបន្តដំណើរទៅដល់ក្រុងហេប្រូន ដែលមានអហ៊ីម៉ាន សេសាយ និងតាល់ម៉ាយ ជាកូនរបស់លោកអណាក់រស់នៅ។ គេបានសង់ក្រុងហេប្រូនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីប។
23 ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល។ នៅទីនោះ ពួកគេបានកាត់មែកទំពាំងបាយជូរដែលមានផ្លែមួយចង្កោម រួចឲ្យគ្នាគេពីរនាក់យកដងរែកសែង។ ពួកគេក៏បានបេះផ្លែទទឹម និងផ្លែឧទុម្ពរខ្លះ មកជាមួយដែរ។
24 គេបានដាក់ឈ្មោះកន្លែងនោះថា «ជ្រលងភ្នំអែសកុល» ព្រោះជនជាតិអ៊ីស្រាអែលបានកាត់ចង្កោមទំពាំងបាយជូរនៅទីនោះ។
25 ក្រោយពីបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ពួកគេក៏វិលត្រឡប់មកវិញ។
26 ពេលមកដល់ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល នៅកាដេស ក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបលោកទាំងពីរ និងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។