13 លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ជនជាតិអេស៊ីបដឹងថា ព្រះអង្គបាននាំប្រជាជននេះចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
14 ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ព្រះអង្គដែលជាព្រះអម្ចាស់ គង់នៅជាមួយប្រជាជននេះ។ ព្រះអម្ចាស់បង្ហាញឲ្យពួកគេឃើញព្រះអង្គផ្ទាល់នឹងភ្នែក។ ពពក*របស់ព្រះអង្គស្ថិតនៅពីលើពួកគេ ព្រះអង្គយាងពីមុខពួកគេក្នុងដុំពពកនៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។
15 ប្រសិនបើព្រះអង្គប្រហារប្រជាជននេះឲ្យវិនាសទាំងស្រុង ដូច្នេះ ប្រជាជាតិដែលធ្លាប់ឮល្បីអំពីព្រះអង្គនឹងពោលថា:
16 ព្រះអម្ចាស់មិនអាចនាំប្រជាជននេះចូលទៅក្នុងទឹកដី ដែលព្រះអង្គបានសន្យាប្រទានឲ្យពួកគេឡើយ ហេតុនេះហើយបានជាព្រះអង្គប្រល័យជីវិតពួកគេ នៅក្នុងវាលរហោស្ថាន។
17 ឥឡូវនេះ សូមព្រះអម្ចាស់សម្តែងឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតរបស់ព្រះអង្គ ដូចទ្រង់ធ្លាប់ប្រកាសថា
18 “ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញដោយព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គលើកលែងទោស និងកំហុស ប៉ុន្តែ ព្រះអង្គមិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុស ព្រះអង្គដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។
19 សូមមេត្តាអត់ទោសឲ្យប្រជាជននេះ តាមព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ ដូចព្រះអង្គតែងតែអត់ទោសឲ្យពួកគេ ចាប់តាំងពីស្រុកអេស៊ីបរហូតមកដល់ទីនេះ»។