ជន‌គណនា 14:19-25 KHSV

19 សូម​មេត្តា​អត់‌ទោស​ឲ្យ​ប្រជា‌ជន​នេះ តាម​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​តែងតែ​អត់‌ទោស​ឲ្យ​ពួក​គេ ចាប់​តាំង​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​ទី​នេះ»។

20 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សុខ​ចិត្ត​អត់‌ទោស​ឲ្យ​ពួក​គេ តាម​ពាក្យ​របស់​អ្នក!

21 ក៏​ប៉ុន្តែ យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ហើយ​មាន​សិរី‌រុងរឿង​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល​ថា:

22 អ្នក​ទាំង​នេះ​បាន​ឃើញ​សិរី‌រុងរឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន តែ​ពួក​គេ​បាន​ល្បង‌ល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង។

23 ហេតុ​នេះ ពួក​គេ​នឹង​មិន​ឃើញ​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ​នោះ​ឡើយ។ អស់​អ្នក​ដែល​មើល‌ងាយ​យើង​នឹង​មិន​ឃើញ​ស្រុក​នោះ​ជា​ដាច់​ខាត។

24 រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។

25 ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន​រស់​នៅ​តាម​វាល​ទំនាប។ ដូច្នេះ ស្អែក​អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ»។