1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ប្រគល់ឲ្យអ្នករាល់គ្នាតាំងទីលំនៅ
3 ហើយពេលអ្នករាល់គ្នាធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ទោះបីជាតង្វាយដុតទាំងមូលក្ដី ឬយញ្ញបូជាលាបំណន់ តង្វាយដោយស្ម័គ្រចិត្ត ឬតង្វាយសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្ដី នោះត្រូវយកគោ ឬចៀម មកថ្វាយ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
4 អ្នកដែលយកតង្វាយមកថ្វាយ ត្រូវយកម្សៅបីគីឡូក្រាម លាយជាមួយប្រេងមួយលីត្រកន្លះ
5 និងយកស្រាទំពាំងបាយជូរមួយលីត្រកន្លះ មកថ្វាយជាមួយកូនចៀម ដែលត្រូវថ្វាយជាតង្វាយដុត ឬយញ្ញបូជា។
6 ប្រសិនបើអ្នកថ្វាយចៀមឈ្មោល ត្រូវយកម្សៅប្រាំមួយគីឡូក្រាម លាយជាមួយប្រេងពីរលីត្រ
7 និងស្រាទំពាំងបាយជូរពីរលីត្រ មកថ្វាយជាមួយ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
8 ប្រសិនបើអ្នកយកគោបាមកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល ឬជាយញ្ញបូជាលាបំណន់ក្ដី ឬជាយញ្ញបូជាមេត្រីភាពក្ដី
9 ចូរយកម្សៅប្រាំបួនគីឡូក្រាម លាយជាមួយប្រេងបីលីត្រ មកថ្វាយជាមួយគោបានោះ
10 ហើយយកស្រាទំពាំងបាយជូរបីលីត្រមកថ្វាយជាមួយដែរ។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
11 ត្រូវថ្វាយគោឈ្មោល ចៀមឈ្មោល កូនចៀម ឬកូនពពែតាមរបៀបនេះ។
12 សត្វមានចំនួនច្រើនប៉ុនណា តង្វាយដែលត្រូវថ្វាយជាមួយសត្វក៏កើនឡើងតាមចំនួននោះដែរ។
13 ជនជាតិអ៊ីស្រាអែលដែលជាម្ចាស់ស្រុក ត្រូវធ្វើតាមរបៀបខាងលើ នៅពេលថ្វាយតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
14 ពេលជនបរទេសដែលមករស់នៅជាមួយអ្នករាល់គ្នានៅពេលនេះ ឬអ្នកដែលរស់នៅជាមួយអ្នករាល់គ្នាជាច្រើនតំណមកហើយ ចង់ថ្វាយតង្វាយដុតដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ គេត្រូវថ្វាយតាមរបៀបដូចអ្នករាល់គ្នាធ្វើដែរ
15 គឺមានក្បួនតម្រាតែមួយ សម្រាប់សហគមន៍ទាំងមូល ទោះបីអ្នករាល់គ្នាក្ដី ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាក្ដី។ ត្រូវធ្វើតាមក្បួនតម្រានេះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គ្រប់តំណតទៅ ទោះបីជនបរទេសក្ដី ឬអ្នករាល់គ្នាក្ដី។
16 មានក្រឹត្យវិន័យតែមួយ ច្បាប់តែមួយ សម្រាប់អ្នករាល់គ្នា និងជនបរទេស ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
17 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
18 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: កាលណាអ្នករាល់គ្នាទៅដល់ស្រុកដែលយើងនាំអ្នករាល់គ្នាឲ្យចូលទៅនៅ ហើយពេលអ្នករាល់គ្នាបានអាហារពីស្រុកនោះបរិភោគ
19 ត្រូវញែកមួយចំណែកទុកជាតង្វាយថ្វាយព្រះអម្ចាស់។
20 ត្រូវញែកម្សៅដំបូងមួយចំណែករបស់អ្នករាល់គ្នា ធ្វើជានំថ្វាយព្រះអម្ចាស់ ដូចគេញែកស្រូវ ដែលជាផលដំបូង នៅលានបោកស្រូវដែរ។
21 ត្រូវញែកម្សៅដំបូង ធ្វើនំថ្វាយព្រះអម្ចាស់ តាមរបៀបនេះគ្រប់តំណតទៅ។
22 ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុស ដោយអចេតនា គឺមិនប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ
23 ហើយមិនប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់មកលោកម៉ូសេ ចាប់ពីថ្ងៃដែលព្រះអម្ចាស់ប្រទានបទបញ្ជាពីដំបូងជារៀងរហូតមក
24 ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុសដោយអចេតនា ហើយសហគមន៍មិនបានឃើញទេនោះ សហគមន៍ទាំងមូលត្រូវថ្វាយគោស្ទាវមួយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ រួមជាមួយតង្វាយម្សៅ និងស្រាទំពាំងបាយជូរ ស្របតាមវិន័យ។ សហគមន៍ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញបូជារំដោះបាបដែរ។
25 បូជាចារ្យត្រូវធ្វើពិធីរំដោះបាបសម្រាប់សហគមន៍អ៊ីស្រាអែលទាំងមូល នោះព្រះអម្ចាស់នឹងលើកលែងទោសឲ្យ ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។ ពួកគេត្រូវយកតង្វាយដុត ព្រមទាំងសត្វដែលត្រូវធ្វើយញ្ញបូជា មកថ្វាយព្រះអម្ចាស់ សម្រាប់លុបលាងកំហុសដែលគេបានប្រព្រឹត្តដោយអចេតនានោះ។
26 ព្រះអម្ចាស់នឹងអត់ទោសឲ្យសហគមន៍អ៊ីស្រាអែលទាំងមូល ព្រមទាំងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ គឺប្រជាជនទាំងមូល ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។
27 ប្រសិនបើអ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា អ្នកនោះត្រូវថ្វាយពពែញីមួយអាយុមួយខួប ជាយញ្ញបូជារំដោះបាប។
28 បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យអ្នកដែលបានប្រព្រឹត្តអំពើបាប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមិនដឹងខ្លួន និងដោយអចេតនា នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យ។
29 ក្រឹត្យវិន័យស្ដីពីអំពើបាបដែលគេប្រព្រឹត្តដោយអចេតនានេះ ត្រូវអនុវត្តដូចគ្នា ចំពោះជនជាតិអ៊ីស្រាអែលជាម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយពួកគេ។
30 ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាប ដោយចេតនាបានសេចក្ដីថាគេប្រមាថព្រះអម្ចាស់។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។
31 គេបានមើលងាយព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយបំពានលើបទបញ្ជារបស់ព្រះអង្គ។ ត្រូវដកមនុស្សប្រភេទនេះចេញ ឲ្យគេទទួលទោស ព្រោះតែកំហុសរបស់ខ្លួន»។
32 ពេលជនជាតិអ៊ីស្រាអែលស្ថិតនៅក្នុងវាលរហោស្ថាន គេបានឃើញបុរសម្នាក់ដើររើសអុស នៅថ្ងៃសប្ប័ទ*។
33 អស់អ្នកដែលឃើញបុរសនោះរកអុស បាននាំគាត់យកទៅជូនលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍ទាំងមូល។
34 គេបានឃុំគាត់ទុក ដ្បិតគេពុំទាន់ដឹងថាត្រូវប្រព្រឹត្តដូចម្ដេចចំពោះគាត់។
35 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «មនុស្សនេះត្រូវទទួលទោសដល់ស្លាប់ គឺឲ្យសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់គាត់ នៅខាងក្រៅជំរំ»។
36 សហគមន៍ទាំងមូលក៏នាំបុរសនោះចេញទៅក្រៅទីក្រុង ហើយយកដុំថ្មគប់សម្លាប់គាត់។ គាត់ក៏ស្លាប់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
37 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
38 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលគ្រប់ជំនាន់ឲ្យធ្វើរំយោលនៅជាយអាវ ហើយដេរបូពណ៌ស្វាយមួយពីលើរំយោលនៅជាយអាវផង។
39 អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដូច្នេះ ពេលណាអ្នករាល់គ្នាមើលរំយោល នោះអ្នករាល់គ្នានឹកឃើញក្រឹត្យវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់ដែលត្រូវប្រតិបត្តិតាម ហើយអ្នករាល់គ្នានឹងមិនធ្វើតាមចិត្តប៉ងប្រាថ្នា និងតណ្ហារបស់ខ្លួន ដែលបណ្ដាលឲ្យក្បត់ព្រះជាម្ចាស់ ទៅគោរពព្រះក្លែងក្លាយឡើយ។
40 អ្នករាល់គ្នានឹងនឹកឃើញក្រឹត្យវិន័យរបស់យើង ហើយប្រតិបត្តិតាម។ អ្នករាល់គ្នានឹងបានវិសុទ្ធ*ថ្វាយព្រះរបស់អ្នករាល់គ្នា។
41 យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។