18 ពួកគេក៏យកពានម្នាក់មួយៗមកដាក់ភ្លើង និងគ្រឿងក្រអូប ហើយនាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ជាមួយលោកម៉ូសេ និងលោកអើរ៉ុន។
19 លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងលោកទាំងពីរ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យសហគមន៍ទាំងមូលឃើញ។
20 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
21 «ចូរនាំគ្នាចាកចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។
22 លោកទាំងពីរក្រាបចុះ អោនមុខដល់ដី ទូលថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គគួរព្រះពិរោធនឹងសហគមន៍ទាំងមូលឬ?»។
23 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
24 «ចូរប្រាប់សហគមន៍ឲ្យចេញឆ្ងាយពីទីលំនៅរបស់កូរេ ដាថាន និងអប៊ីរ៉ាម»។