41 នៅថ្ងៃបន្ទាប់ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «លោកទាំងពីរបានធ្វើឲ្យប្រជាជនរបស់ព្រះអម្ចាស់បាត់បង់ជីវិត!»។
42 សហគមន៍លើកគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកពន្លាជួបព្រះអម្ចាស់ នោះស្រាប់តែមានពពក*គ្របបាំងពន្លា ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏លេចមកដែរ
43 លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាទៅដល់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
44 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
45 «ចូរដកខ្លួនចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។ លោកទាំងពីរក្រាបចុះ អោនមុខដល់ដី។
46 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ ធ្វើពិធីរំដោះបាបឲ្យពួកគេទៅ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយគ្រោះកាចក៏ចាប់ផ្ដើមកើតមានដែរ»។
47 លោកអើរ៉ុនក៏យកពាន តាមពាក្យរបស់លោកម៉ូសេ រួចលោករត់ទៅក្នុងអង្គប្រជុំ។ ពេលនោះ គ្រោះកាចក៏ចាប់ផ្ដើមកើតមានក្នុងចំណោមប្រជាជន។ លោកក៏ថ្វាយគ្រឿងក្រអូប ធ្វើពិធីរំដោះបាបឲ្យប្រជាជន។