1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងក្រុមញាតិរបស់អ្នក នឹងទទួលខុសត្រូវចំពោះកំហុសដែលកើតមានក្នុងទីសក្ការៈ។ អ្នក និងកូនចៅរបស់អ្នក ទទួលខុសត្រូវចំពោះកំហុសផ្សេងៗដែលទាក់ទងនឹងមុខងារជាបូជាចារ្យ។
2 ចូរនាំបងប្អូនរួមលោហិតរបស់អ្នក ក្នុងកុលសម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការ នៅពេលអ្នក និងកូនចៅរបស់អ្នក ធ្វើការក្នុងពន្លានៃសន្ធិសញ្ញា។
3 ពួកគេស្ថិតនៅក្រោមបញ្ជារបស់អ្នក ហើយមានភារកិច្ចថែរក្សាពន្លាទាំងមូល។ ប៉ុន្តែ ពួកគេមិនត្រូវចូលទៅជិតគ្រឿងបរិក្ខារសក្ការៈ ឬអាសនៈឡើយ ក្រែងលោទាំងអ្នករាល់គ្នា ទាំងពួកគេ ត្រូវស្លាប់។
4 ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយមានភារកិច្ចថែរក្សាពន្លានៃសន្ធិសញ្ញា និងបម្រើការទាំងអស់ក្នុងពន្លា។ រីឯអ្នកផ្សេងទៀត គ្មានសិទ្ធិចូលមកជិតអ្នករាល់គ្នាទេ។
5 អ្នករាល់គ្នាមើលខុសត្រូវទីសក្ការៈ និងថែរក្សាអាសនៈ។ ធ្វើដូច្នេះ ជនជាតិអ៊ីស្រាអែលមិនធ្វើឲ្យយើងមានកំហឹងនឹងពួកគេឡើយ។
6 យើងបានជ្រើសរើសពួកលេវី ជាបងប្អូនរបស់អ្នករាល់គ្នា ចេញពីចំណោមកូនចៅអ៊ីស្រាអែល ប្រគល់ឲ្យអ្នករាល់គ្នា ដើម្បីឲ្យពួកគេបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
7 ចំណែកឯអ្នក និងកូនចៅរបស់អ្នកវិញ ត្រូវបំពេញមុខងារជាបូជាចារ្យ គឺបម្រើការងារនៅអាសនៈ និងការងារក្នុងទីសក្ការៈដែលនៅខាងក្រោយវាំងនន។ យើងបានប្រគល់មុខងារជាបូជាចារ្យនេះឲ្យអ្នករាល់គ្នា តែអ្នកក្រៅដែលចូលមកជិតយើង នឹងត្រូវទទួលទោសដល់ស្លាប់»។
8 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «យើងឲ្យអ្នកទទួលខុសត្រូវលើអ្វីៗដែលប្រជាជនញែកទុកសម្រាប់យើង។ យើងប្រគល់តង្វាយនោះឲ្យអ្នក និងកូនចៅរបស់អ្នក ទុកជាកំរៃ សម្រាប់មុខងារដែលយើងបានតែងតាំងអ្នកឲ្យបំពេញ ជារៀងរហូតតទៅ។
9 ក្នុងបណ្ដាគ្រឿងសក្ការៈបំផុតដែលគេមិនដុត គឺអ្វីៗទាំងប៉ុន្មានដែលប្រជាជនយកមកថ្វាយយើង មានតង្វាយផ្សេងៗ តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាសុំលើកលែងទោស អ្នកអាចយកទុកជាចំណែករបស់អ្នក និងកូនចៅរបស់អ្នក។
10 ត្រូវបរិភោគរបស់ទាំងនេះនៅក្នុងកន្លែងដ៏សក្ការៈ គឺប្រុសៗទាំងអស់អាចបរិភោគបាន ដ្បិតរបស់ទាំងនោះសុទ្ធតែសក្ការៈសម្រាប់អ្នក។
11 ចំណែកដែលអ្នកអាចយកបានទៀតនោះ គឺអ្វីៗទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលយកមកលើកថ្វាយ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នករហូតតទៅ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ ក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។
12 យើងក៏ប្រគល់ផលដំបូងនៃអ្វីៗទាំងអស់ដែលប្រជាជនយកមកថ្វាយយើងឲ្យអ្នកដែរ គឺប្រេងដ៏ល្អបំផុត ស្រាទំពាំងបាយជូរថ្មីដ៏ល្អបំផុត និងស្រូវថ្មី។
13 ផលដំបូងនៃភោគផលដុះចេញពីដី ដែលប្រជាជនយកមកថ្វាយយើង ក៏នឹងបានទៅអ្នកដែរ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ នៅក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។
14 អ្វីៗដែលជនជាតិអ៊ីស្រាអែលថ្វាយផ្ដាច់ដល់យើង នោះយើងប្រគល់ឲ្យអ្នក។
15 កូនដំបូងទាំងអស់ដែលប្រជាជនយកមកថ្វាយយើង គឺទាំងកូនមនុស្ស ទាំងកូនសត្វ ត្រូវបានជាចំណែករបស់អ្នក។ ប៉ុន្តែ ចូរឲ្យគេលោះកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វដែលមិនបរិសុទ្ធ។
16 ត្រូវឲ្យគេលោះកូនដំបូង ដែលមានអាយុពីមួយខែឡើងទៅ តាមតម្លៃគិតគូររបស់អ្នក គឺប្រាក់ប្រាំណែន គិតតាមទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈ ពោលគឺម្ភៃកេរ៉ា*។
17 ប៉ុន្តែ មិនត្រូវឲ្យគេលោះកូនដំបូងរបស់គោ កូនដំបូងរបស់ចៀម និងកូនដំបូងរបស់ពពែឡើយ ដ្បិតសត្វទាំងនោះត្រូវទុកសម្រាប់ថ្វាយយញ្ញបូជា។ ត្រូវយកឈាមរបស់វាប្រោះនៅលើអាសនៈ ហើយដុតខ្លាញ់វាក្នុងភ្លើង ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
18 រីឯសាច់របស់វា គឺមានសាច់ទ្រូងដែលគេលើកថ្វាយជាតង្វាយ និងសាច់ភ្លៅស្ដាំ ត្រូវបានជាចំណែករបស់អ្នក។
19 អ្វីៗដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយសក្ការៈ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នក រហូតតទៅ។ នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នក និងពូជពង្សរបស់អ្នក ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេររហូត ពុំអាចផ្លាស់ប្រែឡើយ»។
20 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នកនឹងគ្មានទឹកដីជាកេរមត៌កនៅក្នុងស្រុក ហើយក៏គ្មានចំណែកអ្វីរួមជាមួយពួកគេដែរ គឺយើងផ្ទាល់ជាចំណែកមត៌ករបស់អ្នក នៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។
21 យើងប្រគល់មួយភាគដប់នៃភោគផលទាំងអស់ នៅស្រុកអ៊ីស្រាអែល ឲ្យកូនចៅលេវី ទុកជាថ្នូរចំពោះកិច្ចការដែលពួកគេធ្វើ នៅក្នុងពន្លាជួបព្រះអម្ចាស់។
22 មិនត្រូវឲ្យប្រជាជនអ៊ីស្រាអែលចូលមកជិតពន្លាជួបព្រះអម្ចាស់ទៀតឡើយ ក្រែងលោពួកគេទទួលទោស ហើយត្រូវស្លាប់។
23 ពួកលេវីដែលបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ នឹងទទួលខុសត្រូវលើកំហុសដែលខ្លួនប្រព្រឹត្ត។ នេះជាច្បាប់ដែលត្រូវណែនាំឲ្យពួកលេវីគ្រប់ជំនាន់ដឹងថា ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
24 យើងប្រគល់ភោគផលមួយភាគដប់ ដែលជនជាតិអ៊ីស្រាអែលញែកទុកដោយឡែកសម្រាប់យើង ឲ្យកូនចៅលេវី។ ហេតុនេះហើយបានជាយើងប្រកាសអំពីពួកគេថា: “ពួកគេនឹងមិនទទួលចំណែកមត៌កក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ”»។
25 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
26 «ចូរប្រាប់កូនចៅលេវីដូចតទៅ: “ពេលណាជនជាតិអ៊ីស្រាអែលនាំយកភោគផលមួយភាគដប់មកឲ្យអ្នករាល់គ្នា គឺចំណែកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌កនោះ អ្នករាល់គ្នាត្រូវញែកមួយភាគដប់ពីភោគផលមួយភាគដប់ ថ្វាយព្រះអម្ចាស់។
27 តង្វាយមួយភាគដប់ដែលអ្នករាល់គ្នាញែកទុកដោយឡែកនេះ ត្រូវរាប់ដូចជាតង្វាយ ដែលបងប្អូនរបស់អ្នករាល់គ្នាញែកទុកពីស្រូវ និងស្រាទំពាំងបាយជូររបស់គេដែរ។
28 ដូច្នេះ ភោគផលមួយភាគដប់ដែលប្រជាជនអ៊ីស្រាអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកថ្វាយព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ជូនលោកបូជាចារ្យអើរ៉ុន។
29 ភោគផលដែលប្រជាជនយកមកជូនអ្នករាល់គ្នានោះ ត្រូវញែកមួយចំណែកថ្វាយព្រះអម្ចាស់ គឺញែកមួយផ្នែកដ៏ល្អវិសេសជាចំណែកសក្ការៈ”។
30 ចូរប្រាប់ពួកលេវីថា: ពេលណាអ្នករាល់គ្នាញែកផ្នែកដ៏ល្អវិសេសមួយភាគដប់ហើយ ចំណែកដែលនៅសល់ អ្នករាល់គ្នាត្រូវចាត់ទុកដូចជាស្រូវ និងស្រាទំពាំងបាយជូរ ដែលនៅសល់របស់ប្រជាជនដែរ។
31 អ្នករាល់គ្នាបរិភោគភោគផលទាំងនេះ រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា នៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះជាកំរៃសម្រាប់ការងារដែលអ្នករាល់គ្នាបំពេញ នៅក្នុងពន្លាជួបព្រះអម្ចាស់។
32 ប្រសិនបើអ្នករាល់គ្នាញែកចំណែកដ៏ល្អវិសេសទុកសម្រាប់យើងហើយ អ្នករាល់គ្នានឹងគ្មានបាបនៅពេលបរិភោគចំណែកដែលនៅសល់ អ្នករាល់គ្នាក៏មិនបណ្ដាលឲ្យតង្វាយដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលក្លាយទៅជាសៅហ្មង ហើយអ្នករាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។