ជន‌គណនា 19:10-16 KHSV

10 អ្នក​រើស​ធាតុ​របស់​គោ​ញី​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គេ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូតទល់​ល្ងាច។ នេះ​ជា​ច្បាប់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ត្រូវ​ប្រតិបត្តិ​តាម​រហូត​ត​ទៅ។

11 អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

12 គេ​ត្រូវ​យក​ទឹក​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ មក​លាង​ជម្រះ​ខ្លួន នៅ​ថ្ងៃ​ទី​បី ហើយ​គេ​នឹង​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី​ទេ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គេ​មិន​បាន​បរិសុទ្ធ​ឡើយ។

13 អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស តែ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​ទេ អ្នក​នោះ​ធ្វើ​ឲ្យ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ត្រូវ​ដក​មនុស្ស​បែប​នេះ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ គេ​ត្រូវ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូត​ត​ទៅ។

14 នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

15 រីឯ​ភាជន៍​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ផ្ទះ​ដែល​នៅ​ចំហ ឥត​មាន​គម្រប​នឹង​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។

16 អ្នក​ណា​ប៉ះ​សាក‌សព​ដែល​ស្លាប់​នៅ​ទី​វាល ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។