ជន‌គណនា 19:17-22 KHSV

17 ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បរិសុទ្ធ គេ​ត្រូវ​យក​ធាតុ​របស់​គោ​ញី ដែល​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។

18 ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង ប៉ះ‌ពាល់​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ‌ពាល់​ផ្នូរ។

19 អ្នក​ដែល​មិន​សៅ‌ហ្មង​ត្រូវ​ប្រោះ​ទឹក​ទៅ​លើ​អ្នក​សៅ‌ហ្មង​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ‌ពីរ ហើយ​ជម្រះ​អ្នក​នោះ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ យក​ទឹក​លុប‌លាង​ខ្លួន នោះ​គាត់​នឹង​បរិសុទ្ធ​នៅ​ពេល​ល្ងាច។

20 បើ​នរណា​ម្នាក់​សៅ‌ហ្មង តែ​ពុំ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ក្រុម‌ជំនុំ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ​នោះ គេ​ត្រូវ​នៅ​សៅ‌ហ្មង។

21 នេះ​ជា​ច្បាប់​ដែល​ពួក​គេ​ត្រូវ​ប្រតិបត្តិ​តាម​រហូត​ត​ទៅ គឺ​អ្នក​ដែល​ធ្វើ​ពិធី​ប្រោះ​ទឹក​ឲ្យ​គេ ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​អ្នក​ដែល​ប៉ះ‌ពាល់​ទឹក​សម្រាប់​ប្រោះ​លើ​អ្នក​សៅ‌ហ្មង ក៏​នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។

22 អ្វីៗ​ដែល​អ្នក​សៅ‌ហ្មង​ប៉ះ‌ពាល់ ក៏​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ ហើយ​អ្នក​ដែល​ប៉ះ‌ពាល់​របស់​សៅ‌ហ្មង នឹង​ត្រូវ​សៅ‌ហ្មង​រហូតទល់​ល្ងាច»។