18 ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះ លើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះពាល់ផ្នូរ។
19 អ្នកដែលមិនសៅហ្មងត្រូវប្រោះទឹកទៅលើអ្នកសៅហ្មងនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ ហើយជម្រះអ្នកនោះឲ្យបរិសុទ្ធនៅថ្ងៃទីប្រាំពីរ រួចគាត់ត្រូវបោកសម្លៀកបំពាក់ យកទឹកលុបលាងខ្លួន នោះគាត់នឹងបរិសុទ្ធនៅពេលល្ងាច។
20 បើនរណាម្នាក់សៅហ្មង តែពុំធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ នឹងត្រូវដកចេញពីចំណោមក្រុមជំនុំ ដ្បិតគេបានធ្វើឲ្យទីសក្ការៈរបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធមកលាងខ្លួនទេនោះ គេត្រូវនៅសៅហ្មង។
21 នេះជាច្បាប់ដែលពួកគេត្រូវប្រតិបត្តិតាមរហូតតទៅ គឺអ្នកដែលធ្វើពិធីប្រោះទឹកឲ្យគេ ត្រូវបោកសម្លៀកបំពាក់ ហើយអ្នកដែលប៉ះពាល់ទឹកសម្រាប់ប្រោះលើអ្នកសៅហ្មង ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។
22 អ្វីៗដែលអ្នកសៅហ្មងប៉ះពាល់ ក៏ក្លាយទៅជាសៅហ្មងដែរ ហើយអ្នកដែលប៉ះពាល់របស់សៅហ្មង នឹងត្រូវសៅហ្មងរហូតទល់ល្ងាច»។