ជន‌គណនា 2 KHSV

ការ​ចាត់​ចែង​របៀប​បោះ​ជំរំ

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

2 «ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​បង្គោល​សម្គាល់​កុល‌សម្ព័ន្ធ​របស់​ខ្លួន និង​ក្បែរ​ទង់​សញ្ញា​កង‌ពល​ធំ​របស់​គេ។ ពួក​គេ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តែ​នៅ​ឆ្ងាយ​បន្តិច។

3 នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អមីណា‌ដាប់។

4 កង‌ពល​របស់​យូដា​មាន​ចំនួន ៧៤ ៦០០ នាក់។

5 កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​យូដា មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ។

6 កង‌ពល​របស់​អ៊ីសា‌ខារ​មាន​ចំនួន ៥៤ ៤០០ នាក់។

7 បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​អេលាប ជា​កូន​របស់​ហេឡូន។

8 កង‌ពល​របស់​សាប់យូ‌ឡូន មាន​ចំនួន ៥៧ ៤០០ នាក់។

9 កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា​សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន​គេ​បង្អស់។

10 នៅ​ខាង​ត្បូង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អើរ។

11 កង‌ពល​របស់​រូបេន​មាន​ចំនួន ៤៦ ៥០០ នាក់។

12 កុល‌សម្ព័ន្ធ​ស៊ីម្មាន​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​រូបេន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​ស្លូមាល ជា​កូន​របស់​ស៊ូរី‌សាដាយ។

13 កង‌ពល​របស់​ស៊ីម្មាន​មាន​ចំនួន ៥៩ ៣០០ នាក់។

14 បន្ទាប់​មក កុល‌សម្ព័ន្ធ​កាដ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​កាដ គឺ​អេលី‌សាប ជា​កូន​របស់​ដេហ៊ូ‌អែល។

15 កង‌ពល​របស់​កាដ មាន​ចំនួន ៤៥ ៦៥០ នាក់។

16 កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន​សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​ពីរ បន្ទាប់​ពី​កង‌ពល​ធំ​យូដា។

17 បន្ទាប់​មក ពន្លា​ជួប​ព្រះ‌អម្ចាស់​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុល‌សម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់‌លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។

18 នៅ​ខាង​លិច ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមី‌ហ៊ូដ។

19 កង‌ពល​របស់​អេប្រាអ៊ីម​មាន​ចំនួន ៤០ ៥០០ នាក់។

20 កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ គឺ​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ។

21 កង‌ពល​របស់​ម៉ាណា‌សេ​មាន​ចំនួន ៣២ ២០០ នាក់។

22 បន្ទាប់​មក កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​អប៊ីដាន ជា​កូន​របស់​គីដា‌ហូនី។

23 កង‌ពល​របស់​បេន‌យ៉ាមីន​មាន​ចំនួន ៣៥ ៤០០ នាក់។

24 កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម​សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​បី បន្ទាប់​ពី​កុល‌សម្ព័ន្ធ​លេវី។

25 នៅ​ខាង​ជើង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ដាន់ គឺ​អហ៊ី‌យេស៊ើរ ជា​កូន​របស់​អាំមី‌សាដាយ។

26 កង‌ពល​របស់​ដាន់​មាន​ចំនួន ៦២ ៧០០ នាក់។

27 កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​ដាន់ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន។

28 កង‌ពល​របស់​អេ‌ស៊ើរ​មាន​ចំនួន ៤១ ៥០០ នាក់។

29 បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​អហ៊ី‌រ៉ា ជា​កូន​របស់​អេណាន។

30 កង‌ពល​របស់​ណែប‌ថាលី​មាន​ចំនួន ៥៣ ៤០០ នាក់។

31 កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់​សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​មួយ​ទង់​របស់​ខ្លួន ក្រោយ​គេ​បង្អស់»។

32 ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​រាប់​តាម​កុល‌សម្ព័ន្ធ និង​តាម​កង‌ពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣ ៥៥០ នាក់។

33 ចំណែក​ឯ​កុល‌សម្ព័ន្ធ​លេវី​វិញ គេ​ពុំ​បាន​រាប់​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ គឺ​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

34 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ គឺ​ពួក​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36