19 ជនជាតិអ៊ីស្រាអែលទូលស្ដេចទៀតថា៖ «យើងខ្ញុំគ្រាន់តែដើរតាមផ្លូវ ប្រសិនបើយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផឹកទឹករបស់ព្រះករុណា នោះយើងខ្ញុំនឹងបង់ថ្លៃ។ យើងខ្ញុំមិនធ្វើអ្វីឡើយ យើងខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះ»។
20 ស្ដេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ដាច់ខាត!»។ ជនជាតិអេដុមលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ទាំងប្រដាប់អាវុធ ចេញទៅទប់ជនជាតិអ៊ីស្រាអែល
21 មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួន ជនជាតិអ៊ីស្រាអែលក៏ដើរវាងទឹកដីរបស់គេ។
22 សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីកាដេស ទៅដល់ភ្នំហោរ។
23 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន នៅភ្នំហោរ ដែលនៅជាប់នឹងព្រំប្រទល់ស្រុកអេដុមថា៖
24 «បន្តិចទៀត អើរ៉ុននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើង នៅប្រភពទឹកមេរីបា។
25 ចូរនាំអើរ៉ុន និងអេឡាសារ ជាកូនប្រុសរបស់គាត់ ឡើងទៅលើភ្នំហោរ។