30 ពួកយើងបានបាញ់ព្រួញទៅលើពួកគេយើងបានកម្ទេចស្រុករបស់ពួកគេចាប់ពីក្រុងហែសបូន រហូតដល់ក្រុងឌីបូនយើងបានបំផ្លាញស្រុករបស់ពួកគេរហូតដល់ក្រុងណូផាដែលនៅជាប់នឹងក្រុងមេឌីបា។
31 ជនជាតិអ៊ីស្រាអែលនាំគ្នាតាំងទីលំនៅ នៅក្នុងស្រុកអាម៉ូរី។
32 លោកម៉ូសេបានចាត់គេឲ្យទៅសង្កេតការណ៍នៅក្រុងយ៉ាស៊ើរ ហើយជនជាតិអ៊ីស្រាអែលវាយដណ្ដើមយកក្រុង និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងដេញជនជាតិអាម៉ូរីចេញពីទឹកដីនោះ។
33 បន្ទាប់មក ជនជាតិអ៊ីស្រាអែលនាំគ្នាដូរទិស ហើយបន្តដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ស្ដេចស្រុកបាសាន បានលើកទ័ពទាំងមូលរបស់ខ្លួនចេញមកវាយអ៊ីស្រាអែល នៅអេទ្រី។
34 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្ដេចនេះ និងកងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចនេះ ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែសបូនដែរ»។
35 ជនជាតិអ៊ីស្រាអែលក៏វាយស្ដេចអុក ព្រមទាំងបុត្ររបស់ស្ដេច និងកងទ័ពទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ បន្ទាប់មក ពួកគេកាន់កាប់ស្រុករបស់ស្ដេចនោះ។