ជន‌គណនា 22:3-9 KHSV

3 ជន‌ជាតិ​ម៉ូអាប់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ។

4 ពេល​នោះ ជន‌ជាតិ​ម៉ូអាប់​ពោល​ទៅ​កាន់​ពួក​ចាស់​ទុំ​នៃ​ជន‌ជាតិ​ម៉ាឌានថា៖ «មនុស្ស​ដ៏​ច្រើន​នេះ​មុខ​ជា​បង្ហិន​អ្វីៗ​ដែល​មាន​នៅ​ជុំ‌វិញ​ពួក​យើង ដូច​គោ​ស៊ី​ដំណាំ​នៅ​ក្នុង​ចម្ការ​មិន​ខាន»។ នៅ​គ្រា​នោះ ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់។

5 ព្រះ‌បាទ​បាឡាក់​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ភូមិ​ពេថោរ ដែល​ស្ថិត​នៅ​មាត់​ទន្លេ ជា​ស្រុក​កំណើត​របស់​លោក ប្រាប់​ថា៖ «មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុក គឺ​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​ទឹក​ដី​របស់​យើង។

6 ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត​យើង​ដឹង​ថា ពេល​លោក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​លោក​ដាក់​បណ្ដាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។

7 ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ាឌាន នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សម្រាប់​ជូន​គ្រូ​ហោរ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ហើយ​រៀប​រាប់​ប្រាប់​លោក​នូវ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​បាឡាក់។

8 លោក​បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាម។

9 ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មនុស្ស‌ម្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ជា​នរណា?»។