34 លោកបាឡាមពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំប្របាទពុំដឹងថា លោកម្ចាស់ស្ថិតនៅតាមផ្លូវពីមុខខ្ញុំប្របាទទេ។ ឥឡូវនេះ ប្រសិនបើលោកមិនពេញចិត្តឲ្យខ្ញុំប្របាទទៅទេ នោះខ្ញុំប្របាទបកក្រោយវិញ»។
35 ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកបាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្ដីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ លោកបាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ព្រះបាទបាឡាក់។
36 ព្រះបាទបាឡាក់ជ្រាបថាលោកបាឡាមមកដល់ ស្ដេចក៏យាងចេញទៅទទួលលោកនៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ក្បែរជាយដែន។
37 ព្រះបាទបាឡាក់មានរាជឱង្ការទៅកាន់លោកបាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញលោក ហេតុអ្វីបានជាលោកមិនព្រមមកជួបយើង តើលោកស្មានថាយើងមិនអាចលើកកិត្តិយសលោកឬ?»។
38 លោកបាឡាមទូលស្ដេចថា៖ «ឥឡូវនេះ ទូលបង្គំមកគាល់ព្រះករុណាហើយ។ ក៏ប៉ុន្តែ ទូលបង្គំពុំអាចពោលពាក្យអ្វីផ្សេង ក្រៅពីព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ឲ្យទូលបង្គំថ្លែងនោះឡើយ»។
39 លោកបាឡាមក៏ទៅជាមួយព្រះបាទបាឡាក់ រហូតដល់ក្រុងគារយ៉ាត់-ហាសូត។
40 ព្រះបាទបាឡាក់បានយកគោ និងចៀម ធ្វើយញ្ញបូជា ហើយជូនសាច់ខ្លះទៅលោកបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយលោក។