ជន‌គណនា 22:35-41 KHSV

35 ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែ​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះ‌បាទ​បាឡាក់។

36 ព្រះ‌បាទ​បាឡាក់​ជ្រាប​ថា​លោក​បាឡាម​មក​ដល់ ស្ដេច​ក៏​យាង​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ក្បែរ​ជាយ​ដែន។

37 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បាឡាម​ថា៖ «យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​មក​ជួប​យើង តើ​លោក​ស្មាន​ថា​យើង​មិន​អាច​លើក​កិត្តិយស​លោក​ឬ?»។

38 លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ឥឡូវ​នេះ ទូលបង្គំ​មក​គាល់​ព្រះ‌ករុណា​ហើយ។ ក៏​ប៉ុន្តែ ទូលបង្គំ​ពុំ​អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​ទូលបង្គំ​ថ្លែង​នោះ​ឡើយ»។

39 លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ព្រះ‌បាទ​បាឡាក់ រហូត​ដល់​ក្រុង​គារយ៉ាត់-‌ហាសូត។

40 ព្រះ‌បាទ​បាឡាក់​បាន​យក​គោ និង​ចៀម ធ្វើ​យញ្ញ‌បូជា ហើយ​ជូន​សាច់​ខ្លះ​ទៅ​លោក​បាឡាម ព្រម​ទាំង​មេ​ដឹក​នាំ​ដែល​មក​ជា​មួយ​លោក។

41 លុះ​ព្រឹក​ឡើង ព្រះ‌បាទ​បាឡាក់​បាន​នាំ​លោក​បាឡាម​ឡើង​ទៅ​បាម៉ុត-‌បាល។ នៅ​កន្លែង​នោះ លោក​អាច​មើល​ឃើញ​ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​ចំនួន។