4 ពេលនោះ ជនជាតិម៉ូអាប់ពោលទៅកាន់ពួកចាស់ទុំនៃជនជាតិម៉ាឌានថា៖ «មនុស្សដ៏ច្រើននេះមុខជាបង្ហិនអ្វីៗដែលមាននៅជុំវិញពួកយើង ដូចគោស៊ីដំណាំនៅក្នុងចម្ការមិនខាន»។ នៅគ្រានោះ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ សោយរាជ្យនៅស្រុកម៉ូអាប់។
5 ព្រះបាទបាឡាក់បានចាត់អ្នកនាំសារឲ្យទៅជួបលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកភូមិពេថោរ ដែលស្ថិតនៅមាត់ទន្លេ ជាស្រុកកំណើតរបស់លោក ប្រាប់ថា៖ «មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក គឺពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។
6 ដូច្នេះ សូមលោកអញ្ជើញមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលលោកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើលោកដាក់បណ្ដាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្ដាសាមិនខាន»។
7 ចាស់ទុំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌាន នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសម្រាប់ជូនគ្រូហោរទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់លោកបាឡាម ហើយរៀបរាប់ប្រាប់លោកនូវរាជឱង្ការរបស់ព្រះបាទបាឡាក់។
8 លោកបាឡាមពោលថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយអស់លោកវិញ តាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំនៃជនជាតិម៉ូអាប់ក៏នាំគ្នាស្នាក់នៅក្នុងផ្ទះរបស់លោកបាឡាម។
9 ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «តើមនុស្សម្នាដែលស្នាក់នៅក្នុងផ្ទះរបស់អ្នកជានរណា?»។
10 លោកបាឡាមទូលព្រះជាម្ចាស់ថា៖ «ស្ដេចបាឡាក់ ជាបុត្ររបស់ស្ដេចស៊ីបព័រដែលសោយរាជ្យនៅស្រុកម៉ូអាប់ បានចាត់ពួកគេឲ្យមកប្រាប់ទូលបង្គំថា