1 លោកបាឡាមយល់ឃើញថា ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់ជនជាតិអ៊ីស្រាអែល លោកមិនបានចេញទៅសួរព្រះជាម្ចាស់ដូចមុនៗទេ តែលោកបែរមុខទៅរកវាលរហោស្ថាន។
2 លោកសម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏យាងមកសណ្ឋិតលើលោកបាឡាម
3 លោកថ្លែងដូចតទៅ៖«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រនេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
4 នេះជាពាក្យរបស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតអ្នកដែលស្លុងស្មារតីហើយមើលឃើញយ៉ាងច្បាស់។
5 កូនចៅយ៉ាកុបអើយពន្លារបស់អ្នកស្អាតណាស់!កូនចៅអ៊ីស្រាអែលអើយទីលំនៅរបស់អ្នកក៏ស្អាតដែរ!
6 គឺប្រៀបដូចជាទឹកជ្រោះហូរដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេដូចដើមក្រស្នា ដែលព្រះអម្ចាស់បានដាំដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។
7 ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌គ្រាប់ពូជរបស់គេនឹងលូតលាស់ព្រោះសំបូរទឹកស្ដេចរបស់គេនឹងមានជ័យជំនះលើស្ដេចអកាក់នគររបស់គេនឹងបានខ្លាំងពូកែ។
8 ព្រះជាម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីបដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ពួកគេកម្ទេចប្រជាជាតិនានាដែលជាបច្ចាមិត្តហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារអ្នកទាំងនោះទៀតផង។
9 ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហតើនរណាហ៊ានដាស់ពួកគេ?អ្នកណាឲ្យពរអ៊ីស្រាអែលអ្នកនោះនឹងទទួលពរអ្នកណាដាក់បណ្ដាសាអ៊ីស្រាអែលអ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!»។
10 ពេលនោះ ព្រះបាទបាឡាក់ក្រេវក្រោធទាស់នឹងលោកបាឡាម ស្ដេចទះព្រះហស្ដខ្លាំងៗ ទាំងមានរាជឱង្ការថា៖ «យើងបានហៅលោកមក ដើម្បីឲ្យលោកដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែលោកបែរជាឲ្យពរពួកគេរហូតដល់បីដងទៅវិញ!។
11 ឥឡូវនេះ ចូរលោករត់ទៅផ្ទះរបស់លោកវិញទៅ! យើងមានបំណងផ្ដល់កិត្តិយសឲ្យលោក តែព្រះអម្ចាស់រារាំងលោកមិនឲ្យទទួលកិត្តិយសនេះទេ!»។
12 លោកបាឡាមទូលស្ដេចវិញថា៖ «ទូលបង្គំបានប្រាប់អស់អ្នកដែលព្រះករុណាចាត់ឲ្យទៅជួបទូលបង្គំរួចហើយថា
13 “ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចសម្រេចការល្អ ឬអាក្រក់ ដោយខ្លួនឯង ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ជាដាច់ខាត។ ខ្ញុំនឹងថ្លែងតែសេចក្ដីណាដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ”។
14 ឥឡូវនេះ មុនពេលទូលបង្គំវិលទៅជួបជុំនឹងប្រជាជនរបស់ទូលបង្គំវិញ សូមទ្រង់យាងមកជិតទូលបង្គំ ដើម្បីទូលបង្គំទូល ថ្វាយអំពីការដែលជនជាតិអ៊ីស្រាអែលនឹងប្រព្រឹត្តចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។
15 លោកបាឡាមថ្លែងដូចតទៅ៖«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រនេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
16 នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតអ្នកដែលស្លុងស្មារតីហើយមើលឃើញយ៉ាងច្បាស់។
17 ខ្ញុំឃើញស្ដេចមួយអង្គតែមិនមែនក្នុងពេលឥឡូវនេះទេខ្ញុំសម្លឹងមើលស្ដេចនោះតែមិនមែននៅជិតទេ។មានផ្កាយមួយរះចេញពីយ៉ាកុបមានដំបងរាជ្យមួយចេញពីអ៊ីស្រាអែលស្ដេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ហើយប្រល័យកូនចៅទាំងអស់របស់សេត។
18 ស្ដេចនឹងកាន់កាប់ស្រុកអេដុមនឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវពេលនោះ អ៊ីស្រាអែលពង្រឹងកម្លាំងរបស់ខ្លួន។
19 ស្ដេចដែលចេញពីយ៉ាកុបនឹងគ្រងរាជ្យជាក្សត្រាធិរាជ។ព្រះអង្គនឹងកម្ទេចអស់អ្នកដែលនៅសេសសល់ក្នុងទីក្រុង»។
20 ពេលឃើញជនជាតិអាម៉ាឡេកលោកបាឡាមថ្លែងថា៖«អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែនប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។
21 ពេលឃើញជនជាតិកែនលោកថ្លែងថា៖«អ្នកមានទីលំនៅដ៏រឹងមាំដូចសត្វធ្វើសំបុកនៅលើថ្មដា។
22 ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះអាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។
23 លោកថ្លែងទៀតថា៖«ពេលព្រះជាម្ចាស់វិនិច្ឆ័យទោសតើនរណាអាចរស់រានបាន!
24 មានទ័ពសំពៅមកពីស្រុកគីទីមពួកគេនឹងបង្ក្រាបអាសស៊ើរ និងហេប៊ើរក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។
25 លោកបាឡាមក្រោកឡើង វិលត្រឡប់ទៅស្រុករបស់លោកវិញ រីឯព្រះបាទបាឡាក់ក៏ចាកចេញទៅដែរ។