ជន‌គណនា 25:1-6 KHSV

1 ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​ស៊ីទីម ហើយ​នៅ​ទី​នោះ ប្រជា‌ជន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់។

2 ស្ត្រី​ទាំង​នោះ​បបួល​ប្រជា‌ជន​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។

3 ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល‌ពេអ៊រ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ពួក​គេ។

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ហើយ​ព្យួរ-ក​ពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​ពង្វាង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល»។

5 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចៅ‌ក្រម​នៃ​ជន​អ៊ីស្រា‌អែល​ថា៖ «ចូរ​ប្រហារ​ជីវិត​ពួក​អ្នក​ដែល​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល‌ពេអ៊រ​ទៅ!»។

6 ពេល​នោះ មាន​បុរស​ម្នាក់​ជា​ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។