1 ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដ ក្នុងអំបូរម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
2 ពួកនាងចូលមកជួបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រាអែលទាំងមូល នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពួកនាងពោលថា៖
3 «ឪពុកយើងខ្ញុំបានទទួលមរណភាព នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។
4 មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
5 លោកម៉ូសេនាំរឿងហេតុរបស់ពួកនាងទៅទូលព្រះអម្ចាស់។
6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
7 «កូនស្រីរបស់ស្លូផិហាតនិយាយត្រូវមែន។ ចូរប្រគល់ទឹកដីមួយចំណែក ក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាង ឲ្យពួកនាង គឺចំណែកមត៌ករបស់ឪពុកពួកនាង នឹងត្រូវបានទៅលើពួកនាង។
8 អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: “ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ចូរប្រគល់កេរមត៌ករបស់អ្នកនោះទៅឲ្យកូនស្រីរបស់គាត់។
9 ប្រសិនបើគាត់គ្មានកូនស្រីទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនរបស់គាត់។
10 ប្រសិនបើគាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនឪពុកគាត់។
11 ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រាអែលត្រូវអនុវត្តតាមគោលការណ៍នេះទុកជាច្បាប់ ស្របនឹងព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
12 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។
13 អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវទទួលមរណភាព ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចអើរ៉ុនជាបងរបស់អ្នកដែរ
14 ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរនៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសម្តែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះនៅកាដេស ក្នុងវាលរហោស្ថានស៊ីន។
15 លោកម៉ូសេទូលព្រះអម្ចាស់ថា៖
16 «សូមព្រះអម្ចាស់ ជាព្រះនៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍អ៊ីស្រាអែលផង។
17 អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់ព្រះអម្ចាស់ប្រៀបបាននឹងហ្វូងចៀម ដែលគ្មានគង្វាលនោះឡើយ»។
18 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានព្រះវិញ្ញាណគង់ជាមួយមក ហើយដាក់ដៃលើគាត់។
19 ចូរនាំគាត់ទៅឈរនៅមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល ហើយប្រកាសតែងតាំងគាត់ នៅចំពោះមុខពួកគេ។
20 ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ឲ្យសហគមន៍អ៊ីស្រាអែលទាំងមូលដឹងឮផង។
21 យ៉ូស្វេត្រូវឈរនៅមុខបូជាចារ្យអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរយូរីម* ដើម្បីដឹងពីការសម្រេចរបស់ព្រះអម្ចាស់។ បន្ទាប់មក យ៉ូស្វេ និងសហគមន៍អ៊ីស្រាអែលទាំងមូល ចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។
22 លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ លោកនាំលោកយ៉ូស្វេមកឈរនៅចំពោះមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល។
23 លោកដាក់ដៃលើលោកយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។