ជន‌គណនា 30:7-13 KHSV

7 ហើយ​នៅ​ថ្ងៃ​ដែល​ប្ដី​នាង​ដឹង តែ​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ដែល​ខ្លួន​បាន​បន់។

8 ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ប្ដី​នាង​បាន​ដឹង ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នោះ​គាត់​អាច​ចាត់​ទុក​បំណន់​ដែល​នាង​បាន​បន់ ជា​អសារ‌បង់ ហើយ​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ឡើយ។

9 រីឯ​ស្ត្រី​មេ​ម៉ាយ​ប្ដី​ស្លាប់ ឬ​ស្ត្រី​មេ​ម៉ាយ​ប្ដី​លែង​វិញ បើ​នាង​បន់​អំពី​រឿង​អ្វី​មួយ នាង​នឹង​ជំពាក់​បំណន់​នោះ។

10 រីឯ​ស្ត្រី​ដែល​រស់​នៅ​ជា​មួយ​ប្ដី​បន់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ

11 ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។

12 ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​ដឹង ប្រសិន​បើ​គាត់​ជំទាស់ នោះ​នាង​នឹង​មិន​ជំពាក់​បំណន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ និង​ស្បថ​ឡើយ។ ដោយ​ប្ដី​ចាត់​ទុក​បំណន់ និង​សម្បថ​របស់​នាង​ជា​អសារ‌បង់ ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ទេ។

13 ប្ដី​របស់​នាង​អាច​រក្សា​ទុក ឬ​ចាត់​ទុក​ជា​អសារ‌បង់​នូវ​បំណន់​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់ និង​សម្បថ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ស្បថ​ថា តម​ធ្វើ​ការ​អ្វី​មួយ។