ជន‌គណនា 35:13-19 KHSV

13 ក្នុង​ចំណោម​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី​នោះ ត្រូវ​យក​ក្រុង​ប្រាំ​មួយ​ធ្វើ​ជា​ក្រុង​ជម្រក។

14 ក្រុង​ជម្រក​បី​ត្រូវ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន។

15 ប្រសិន​បើ​ជន‌ជាតិ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា បាន​សម្លាប់​នរណា​ម្នាក់ ដោយ​អចេតនា គេ​អាច​រត់​មក​ជ្រក​កោន​ក្នុង​ក្រុង​ទាំង​ប្រាំ​មួយ​នេះ។

16 ប្រសិន​បើ​បុរស​ម្នាក់​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

17 ប្រសិន​បើ​គេ​យក​ដុំ​ថ្ម​វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក។ ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

18 ប្រសិន​បើ​គេ​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ឈើ វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក។ ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

19 អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ គឺ​នៅ​ពេល​ណា​ចាប់​ឃាតក​បាន ត្រូវ​តែ​សម្លាប់​ចោល។