19 អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបាន ត្រូវតែសម្លាប់ចោល។
20 ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃដោយកំហឹង ឬយករបស់អ្វីមួយគប់ទៅលើគេ ដោយបានគិតជាមុន បណ្ដាលឲ្យគេស្លាប់
21 ឬប្រសិនបើអ្នកនោះលើកដៃវាយអ្នកដទៃដោយស្អប់ បណ្ដាលឲ្យគេស្លាប់ អ្នកដែលសម្លាប់គេត្រូវតែទទួលទោសប្រហារជីវិត ព្រោះអ្នកនោះជាឃាតក។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ នៅពេលចាប់គេបាន។
22 ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយអចេតនា និងដោយគ្មានបំណងអាក្រក់ ឬប្រសិនបើគាត់ចោលរបស់អ្វីមួយទៅលើគេ ដោយពុំបានគិតគូរជាមុន
23 ឬប្រសិនបើគាត់ធ្វើឲ្យថ្មធ្លាក់ទៅលើគេ បណ្ដាលឲ្យស្លាប់ តែគាត់ធ្វើដោយមិនបានដឹង ហើយក៏គ្មានទំនាស់ ឬមានគំនិតអាក្រក់ចំពោះជនរងគ្រោះទេនោះ
24 សហគមន៍ត្រូវសម្រុះសម្រួលអ្នកដែលធ្វើឲ្យគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹក តាមវិន័យស្ដីអំពីករណីនេះ។
25 សហគមន៍ត្រូវរំដោះអ្នកដែលធ្វើឲ្យគេស្លាប់នោះ ពីកណ្ដាប់ដៃរបស់អ្នកដែលមានសិទ្ធិសងសឹក។ សហគមន៍ត្រូវនាំអ្នកនោះវិលត្រឡប់ទៅក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រក ហើយរស់នៅក្នុងក្រុងនោះ រហូតដល់ពេលមហាបូជាចារ្យ ដែលបានតែងតាំងដោយប្រេងសក្ការៈ ទទួលមរណភាព។