1 មេដឹកនាំរបស់ក្រុមគ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ ក្នុងកុលសម្ព័ន្ធម៉ាណាសេដែលត្រូវជាកូនចៅរបស់លោកយ៉ូសែប នាំគ្នាចូលមកជិតលោកម៉ូសេ ជម្រាបលោកនៅចំពោះមុខពួកមេដឹកនាំកុលសម្ព័ន្ធ និងមេដឹកនាំអំបូរនានានៃជនជាតិអ៊ីស្រាអែល ដូចតទៅ៖
2 «ព្រះអម្ចាស់បានបញ្ជាលោកម្ចាស់ឲ្យប្រគល់ស្រុកនេះដល់ជនជាតិអ៊ីស្រាអែល ទុកជាចំណែកមត៌ក ដោយចាប់ឆ្នោត។ លោកម្ចាស់ក៏បានទទួលបញ្ជាពីព្រះអម្ចាស់ ដើម្បីប្រគល់ទឹកដីជាចំណែករបស់លោកស្លូផិហាត ជាបងប្អូនរបស់យើងខ្ញុំ ទៅឲ្យកូនស្រីរបស់គាត់ដែរ។
3 បើពួកនាងរៀបការជាមួយកូនប្រុសរបស់កុលសម្ព័ន្ធណាមួយទៀតនៃជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងមុខជាត្រូវកាត់ចេញពីទឹកដី ដែលជាចំណែកមត៌កនៃដូនតារបស់យើងខ្ញុំ ហើយបានទៅលើកុលសម្ព័ន្ធប្ដីរបស់នាង។ ដូច្នេះ ទំហំទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ ដោយការចាប់ឆ្នោតនោះ នឹងថយចុះ។
4 លុះដល់ឆ្នាំមេត្តាករុណា សម្រាប់ជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។
5 លោកម៉ូសេនាំយកព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មក ទៅប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ៖
6 «កុលសម្ព័ន្ធដែលជាកូនចៅយ៉ូសែបនិយាយត្រូវមែន។ ព្រះអម្ចាស់បង្គាប់មកកូនស្រីរបស់លោកស្លូផិហាតថា: ពួកនាងអាចរៀបការជាមួយនរណាក៏បាន ឲ្យតែរៀបការនឹងបុរសដែលមកពីអំបូរមួយ ក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង។
7 ធ្វើដូច្នេះ ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវរក្សាទឹកដីទុក នៅក្នុងកុលសម្ព័ន្ធរបស់ឪពុកខ្លួន។
8 កូនស្រីទាំងអស់ដែលទទួលចំណែកមត៌ក ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ត្រូវរៀបការជាមួយបុរសដែលមកពីអំបូរមួយក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង ដើម្បីឲ្យជនជាតិអ៊ីស្រាអែលនីមួយៗគ្រងមត៌កឪពុករបស់ខ្លួន។
9 ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវរក្សាទឹកដីដែលជាមត៌ករបស់ខ្លួន»។
10 កូនស្រីរបស់លោកស្លូផិហាតក៏នាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
11 នាងម័សឡា ធើសា ហុកឡា មីលកា និងណូហា បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួន។
12 ពួកគេបានរៀបការនឹងបុរសមកពីអំបូរកូនចៅលោកម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។
13 នេះជាបទបញ្ជា និងវិន័យផ្សេងៗដែលព្រះអម្ចាស់បានបង្គាប់មកជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។