21 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
22 «ចូរធ្វើបញ្ជីរាយនាមកូនចៅគើសូន ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។
23 ចូរជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
24 អំបូរគើសូនមានភារកិច្ចលីសែងគ្រឿងសម្ភារៈដូចតទៅ:
25 ពួកគេត្រូវសែងក្រណាត់ព្រះពន្លា និងក្រណាត់ពន្លាជួបព្រះអម្ចាស់ ក្រណាត់សម្រាប់គ្របពីលើ និងស្បែកផ្សោតសម្រាប់រុំ ព្រមទាំងវាំងនននៅខាងមុខពន្លាជួបព្រះអម្ចាស់
26 ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈ ខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យធ្វើ។
27 អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។