13 រីឯក្រឹត្យវិន័យស្ដីអំពីអ្នកណាសារីតមានដូចតទៅ: នៅថ្ងៃគាត់បញ្ចប់ពេលកំណត់ដែលត្រូវញែកខ្លួនជាអ្នកណាសារីតហើយ គេនាំគាត់មកមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
14 គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយអាយុមួយខួប មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល កូនចៀមញីល្អឥតខ្ចោះមួយអាយុមួយខួប មកថ្វាយជាតង្វាយរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយ មកថ្វាយជាយញ្ញបូជាមេត្រីភាព។
15 គាត់ក៏ត្រូវយកល្អីមួយដែលមានដាក់នំប៉័ងឥតមេ នំធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង នំក្រៀបធ្វើពីម្សៅឥតមេលាបប្រេងពីលើ ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរ សម្រាប់ច្រួចលើយញ្ញបូជា មកជាមួយផង។
16 បូជាចារ្យយកតង្វាយទាំងនោះទៅថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល។
17 លោកថ្វាយចៀមឈ្មោលទៅព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ថែមពីលើល្អីនំប៉័ងឥតមេ។ បូជាចារ្យក៏ត្រូវថ្វាយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។
18 ពេលនោះ អ្នកណាសារីតត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ រួចយកសក់សក្ការៈរបស់ខ្លួនទៅដុតក្នុងភ្លើងស្ថិតនៅពីក្រោមអាសនៈ ដែលគេថ្វាយយញ្ញបូជាមេត្រីភាព។
19 បូជាចារ្យយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចំអិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសារីត ដែលទើបនឹងកោរសក់សក្ការៈ។