20 បូជាចារ្យត្រូវធ្វើពិធីលើកតង្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវរាប់ជាសក្ការៈ ហើយញែកជូនបូជាចារ្យថែមពីលើសាច់ទ្រូង និងសាច់ភ្លៅ។ បន្ទាប់មក អ្នកណាសារីតអាចបរិភោគស្រាទំពាំងបាយជូរបាន។
21 នេះជាក្រឹត្យវិន័យស្ដីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្ដីអំពីតង្វាយដែលគេត្រូវថ្វាយព្រះអម្ចាស់ ក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចថ្វាយតង្វាយផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមក្រឹត្យវិន័យសម្រាប់ពួកណាសារីត»។
22 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
23 «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ:
24 “សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។
25 សូមព្រះអម្ចាស់ទតមកអ្នកដោយព្រះហឫទ័យមេត្តាករុណាសូមព្រះអង្គប្រណីសន្ដោសអ្នក។
26 សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរសចំពោះអ្នក និងប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត”។