1 នៅថ្ងៃលោកម៉ូសេដំឡើងព្រះពន្លារួចរាល់ហើយ លោកបានចាក់ប្រេងលើព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។
2 ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជនជាតិអ៊ីស្រាអែលនាំគ្នាថ្វាយតង្វាយ។ អ្នកទាំងនោះជាមេដឹកនាំនៃកុលសម្ព័ន្ធ ដែលបានចូលរួមជំរឿនប្រជាជន។
3 ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះអម្ចាស់: រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះពន្លា។
4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
5 «ចូរទទួលតង្វាយទាំងនេះពីពួកគេ យកទៅប្រើប្រាស់ សម្រាប់កិច្ចការក្នុងពន្លាជួបព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយឲ្យពួកលេវី តាមមុខងាររបស់ពួកគេរៀងៗខ្លួន»។